Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ៖ រដ្ឋភិបាលដាក់ចេញ​នូវ​វិធានការ ប្រកបដោយ​ភាពស្វាហាប់ ដើម្បី​បង្ការ​កុំ​ឱ្យមាន​ការរីក​រាលដាល​ជំងឺ COVID-19 នៅ​កម្ពុជា​

​បន្ទាយមានជ័យ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែងបន្តថា កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ភាពស្វាហាប់ ដើម្បី​បង្ការ​កុំ​ឱ្យមាន​ការរីក​រាលដាល​ជំងឺ COVID-19 នៅ​កម្ពុជា និង​រក្សាបាន​នូវ​ទំនាក់ទំនង ជាប្រចាំ​ជាមួយ​អន្តរជាតិ តាមរយៈ​កាយវិការ​មនុស្សធម៌ និង​បានធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា និង​ចិន​កាន់តែ​ស៊ីជម្រៅ បង្ហាញ​ពី​ការជួយ​គ្នា​ក្នុង​គ្រាក្រ​។​

​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​ការលំបាក​ចំនួន​១៥០០​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​គ្រប់​សាសនា នៅក្នុង​កាលៈទេសៈ​ប្រទេស​កំពុង​ប្រឈមមុខ នឹង​ការគំរាមកំហែង នៃ​ជំងឺ​រាតត្បាត​COVID-19 បានរួម​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្តតាម​ការអំពាវនាវ និង​ណែនាំ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បរិច្ចាគ​ធនធាន និង​សម្ភារ​ផ្ទាល់ខ្លួន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ។​

​ជាមួយនឹង​បញ្ហា​កូ​វីដ​១៩ ពុំទាន់​មាន​សញ្ញា​ធូរស្រាល​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​សុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​បង្កចលាចល​សម្របសម្រួល​ចរាចរ​ទំនិញ​ឆ្លងកាត់ បន្ត​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល រក្សា​គម្លាត​សុវត្ថិភាព អនាម័យ​ជាប្រចាំ មិន​ចេញ​ក្រៅ​បើ​មិនចាំបាច់ បន្ត​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ ដែល​មកពី​ក្រៅប្រទេស​និង​កម្មករ​ដែល​ត្រឡប់​មកពី​ស្រុកកំណើត ក្នុងកំឡុងពេល​ចូលឆ្នាំ បន្ត​ព្យាបាល ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩ បន្ត​ឧបត្ថម្ភ​ស្បៀង​សង្គ្រោះ​ដល់​គ្រួសារ​ជនក្រីក្រ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​១៩ បំផុស ជំរុញ​ឱ្យធ្វើ​កសិកម្ម ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ​ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ជំរុញ​ការរៀនសូត្រ​តាម​ប្រព័ន្ធ online ដើម្បី​ពង្រឹង​ចំណេះដឹង និង​គុណភាព​សិក្សា​និង​ប្រែក្លាយ​បញ្ហា​ប្រឈម​ពី​ជំងឺ​កូ​វីដ​១៩ ឱ្យ​ក្លាយទៅជា​កាលានុវត្តន៍​ថ្មី​ប្រែក្លាយ​ធនធានមនុស្ស​ជំនាន់​ថ្មី​ក្លាយជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេចបាន​តាម​ចក្ខុវិស័យ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០៕ ដោយ​៖​កូ​ឡាប​

×