Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក ផ្តោតទៅលើ​សកម្មភាព ដើម្បី​ដោះស្រាយ​គ្រោះអាសន្ន វិស័យ​សុខាភិបាល​សាធារណៈ ដែលជា​សេចក្តី​កង្វល់​អន្តរជាតិ

​ភ្នំពេញ​៖ កិច្ចពិភាក្សា​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក បាន​ផ្តោត ទៅលើ​សកម្មភាព ដើម្បី​ដោះស្រាយ​គ្រោះអាសន្ន​វិស័យ​សុខាភិបាល​សាធារណៈ ដែលជា​សេចក្តី​កង្វល់​អន្តរជាតិ និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅក្នុង​តំបន់​រយៈពេល​វែង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក តាមរយៈ​ប្រព័ន្ធ​វីដេអូ (Videoconference) ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​សហរដ្ឋអាមេរិក នៅ​ក្នុងឱកាស​កិច្ចប្រជុំ​អន្តរ​ទីភ្នាក់ងារ កម្រិត​អាស៊ាន​-​សហរដ្ឋអាមេរិក តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អាស៊ាន កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​លោក ម៉ៃ​ឃើ​ល ផុ​ម​ផេ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក ផ្លាស់ប្តូរ​ទស្សនៈ​ទៅវិញទៅមក និង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការ​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ក្នុងការ​ប្រយុទ្ធប្រឆាំង​រួមគ្នា​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អាមេរិក​។​

កិច្ចប្រជុំ​នេះ នឹង​បង្កើតជា​ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់​មួយ នៅក្នុង​ទំនាក់ទំនង ដៃគូ​យុទ្ធសាស្ត្រ រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ ចំពោះមុខ​នៃ​បញ្ហា ប្រឈម​ជាស​កល​នៃ​ជំងឺឆ្លង COVID-19 ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×