ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ។ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាល ដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19) ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ គឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើរ ណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្ន ជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។
បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន គឺឲ្យតែមេគ្រួសារ ឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។
សូមបងប្អូនយកការព្រួយបារម្ភ និងភ័យខ្លាចនេះ ទៅការការប្រុងប្រយ័ត្នខ្ពស់ ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាព និងអាយុវជីវិតរស់នៅបានយូរអង្វែង៕ដោយ៖កូឡាប