កណ្ដាល៖ ស្នងការខេត្ដកណ្ដាលដឹកនាំកម្លាំង ចុះពិនិត្យតាមបន្ទាត់ព្រំដែនប៉ុស្ដិ៍ដំបូកចែវ ដោយថ្មើរជើង ទាំងទៅទាំងមកជិត១០គីឡូម៉ែត្រ។ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំលោកស្នងការរង ,មេបញ្ជាការវរការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន គ្មានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីតំបន់នោះបានឡើយ ។
ផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២០ បានចេញផ្សាយព័ត៌មានថា បន្ទាត់ព្រំដែនដំបូកចែវមានប្រវែង៤៧០០ម៉ែត្រ ធ្វើដំណើរថ្មើរជើងទាំងទៅទាំងមកប្រវែងជិត១០គីឡូម៉ែត្រ ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ដែលទានហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីតំបន់នោះ ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបានសាងសង់តង់ និងចងជាអង្រឹងចូលក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន កម្លាំងនគរបាលក៏ប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីតំបន់នោះភ្លាមៗ ។
សុំបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមតំបន់ដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់នោះ ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅក្នុងមួយប៉ុស្ដិ៍ទទួលបាន១លានរៀលផងដែរ ៕ដោយ៖កូឡាប