បន្ទាយមានជ័យ ៖ ករណីលោកអ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកបង្កគ្រោះថ្នាក់ចរាចរណ៍និងហិង្សាលើពលរដ្ឋ ក្រោយពីចេញពីឡើងផ្ទះមេរងកម្លាំងប្រដាប់អាវុធខេត្តកន្លងមក បានបញ្ចប់រឿងក្រៅតុលាការហើយ។ តែថ្នាក់លើនគរបាលថា មិនអាចចប់ទេ ព្រោះអំពើបែបនេះប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាល ហើយក៏ជាគំរូអាក្រក់ដល់នាយនិងកម្លាំងនគរបាលដទៃទៀត ក៏ដូចជាបំផ្លាញនូវតម្លៃ កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិផងដែរ ។
នេះបើយោងតាមមន្ត្រីថ្នាក់ដឹកនាំ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រាប់គេហទំព័រ cen.com.kh នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ មន្ត្រីថ្នាក់ដឹកនាំនគរបាលនោះ និយាយបន្តថា៖ ទង្វើរបស់គាត់មិនមែនលើកទី១ទេ ដែលលោកវរៈសេនីយ៍ឯកអ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកនេះមានរឿងអាស្រូវជាបន្តបន្ទាប់ ហើយបុគ្គលនេះមិនមានឆន្ទៈក្នុងការកែលម្អរឡើយ។ ការលើកឡើងរិះគន់ និងស្នើរមតិទៅថ្នាក់លើពិនិត្យ ពិចារណាលើមន្ត្រីនគរបាលរូបនេះ កើតឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងពីធីជប់លាងកាត់ចំណងដៃផ្ទះប្រជាពលរដ្ឋនៅមុខផ្សារគំរូ ភូមិ-ឃុំគំរូ ស្រុកថ្មពួក។ លោកអធិការបានស្រវឺង ហើយនាំកូនចៅទៅវាយពលរដ្ឋម្នាក់ឈ្មោះសិទ្ធ សារ៉េត អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បែកចិញ្ចើម ដេរ៥-៦ថ្នេរ, ហើមមុខ បែកភ្នែកទៀត។
ប៉ុន្តែករណីនេះ មានការគំរាមកំហែងជនរងគ្រោះ ពិសេសម្ចាស់កម្មវិធី និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍មិនឲ្យនិយាយ ឬធ្វើជាសាក្សី ឬប្តឹងផ្តល់នោះឡើយ ហើយលោក អ៊ុក សុផាត បានទទួលស្គាល់អំពើហិង្សានោះ តែបានប្រាប់សារព័ត័មានថា៖ លោកបានសម្រួលដោះស្រាយបញ្ហានោះហើយ។ រឿងនោះមកពីការយល់ច្រឡំគ្នា។
ទោះយ៉ាងណា សមត្ថកិច្ចបានរំលឹកដែរថា កាលពីវេលាម៉ោងប្រមាណ១៨និង៤០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងមក លោកវរសេនីយ៍ អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកនេះ បានបើករថយន្តរទៅបុកគ្នានឹងគោយន្តកន្ត្រៃដឹកដំឡូង ដែលបើកបរក្នុងទិសដៅស្របគ្នាបណ្តាលអោយអ្នកបើកបរគោយន្តនោះរងរបួសធ្ងន់បាក់ភ្លៅឆ្វេង នៅលើកំណាត់ផ្លូវជាតិលេខ ៥៦ ស្ថិតនៅមុខអនុវិទ្យាហ៊ុនសែនតាបែន ក្នុងភូមិគោករការឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ កាលណោះ លោក អ៊ុក សុផាត អធិការស្រុកថ្មពួក បានបើករថយន្តរបស់ខ្លួនម៉ាកត្រៃតុន ពណ៌ខ្មៅស៊េរី ឆ្នាំ២០១២ ចង្កូតស្តាំគ្មានស្លាកលេខ ក្នុងល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានឡើងជែងជាមួយរថយន្តធំដែលបើកច្រាស់ទិសគ្នាក៏ទៅបុកគោយន្តកន្ត្រៃដឹកដំឡូងនោះពីក្រោយ បណ្តាលអោយគោយន្តក្រឡាប់ធ្លាក់ផ្លូវ។ រីឯរថយន្តបង្កខ្ទេចផ្នែកខាងមុខ។
អ្នកបើកគោយន្តមានឈ្មោះ ឈុំ ដៀង ភេទប្រុសអាយុ៤២ឆ្នាំមាន រួមដំណើរពីនាក់ មានទីលំនៅជាមួយគ្នា ភូមិអូវែងត្បូង ឃុំតាបែន ស្រុកស្វាយចេកបានរងរបួសបាក់ភ្លៅឆ្វេងហើយបានបញ្ជូនមន្ទីរពហុព្យាបាលទេវិន្ទរក្សាសុខ ក្រុងសិរីសោភ័ណ។ ករណីនោះក៏សម្រុះសម្រួលគ្នា ហាមប្រាប់ការប្តឹងផ្តល់ដែរ។
ហេតុនេះ សកម្មភាពបទល្មើសដូច្នេះ តើគួរនឹងអនុគ្រោះយោគយល់លោកអធិការទៀត ឬក៏គិតដល់វិន័យកងកម្លាំង? ៕ ដោយ ៖ បន្ទាយ