ភ្នំពេញ៖ មកទល់ថ្ងៃនេះ កម្ពុជានិងពិភពលោក កំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ នេះបើតាមការផ្សព្វផ្សាយព័ត៌មានលើផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅរសៀលថ្ងៃចន្ទ ទី២៧ខែមេសានេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗក្នុងពេល ដែលដែលប្រទេសយើង កំពុងដាក់បម្រាមតឹងរ៉ឹងក្នុងការធ្វើដំណើរ។
ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យកូនក្មួយពលករខ្មែរជាង២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាឲ្យខាងអាជ្ញាធរម៉ាឡេស៊ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។
សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញ បានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ី ពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិន រហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។
ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅតាមផ្ទះផងដែរ៕ដោយ៖កូឡាប