ពិតណាស់ មុនឈានចូលដល់ថ្ងៃក្រាបសំពះផ្ទឹម នៅចំពោះមុខឪពុកម្តាយទាំងសងខាង និងក្រោមក្រសែភ្នែកដឹងឮពីសាច់ញាតិ មិត្តភក្តិ គូស្នេហ៍នីមួយៗ ខ្លះក៏មានប្រវត្តិស្នេហ៍ដ៏ជូរចត់នឹងគ្នា និងខ្លះទៀតក៏កើតចំណងស្នេហ៍ជាមួយអនុស្សាវរីយ៍ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍មិននឹកស្មាន តែខ្លះក៏តាមរយៈការផ្សំផ្គុំពីចាស់ទុំផងដែរ។
ជាក់ស្តែង គូស្នេហ៍ទើបភ្ជាប់និស្ស័យនឹងគ្នាមួយគូ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងមិននឹកស្មាន ព្រោះថា ចំណងស្នេហ៍របស់ពួកគេទាំងពីរ គឺផ្តើមចេញពីការតែងតែចងមុខយក្សដាក់គ្នា ដែលរហូតធ្វើឲ្យខាងស្រីទះកំភ្លៀងខាងប្រុសយ៉ាងធ្ងន់ដៃ ។ ទោះយ៉ាងណា ការទះនេះពុំមែនដោយសាររឿងឈ្លោះទាស់សម្តីគ្នាធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែជាការទះព្រោះជ្រេញខាងប្រុសពូកែចូលមកនិយាយសាំតាប៉ែពេក ។
ពិតមែនហើយ ការទះកំផ្លៀងមួយដៃទុកជាអនុស្សាវរីយ៍នេះ បានធ្វើឲ្យខាងប្រុសកើតទុក្ខមិនសុខចិត្ត ព្រោះតែមិនអាចតបតបាន ក៏បានត្រឹមព្រលយមាត់ទៅវិញថា ចាំមើលនឹងតាមញ៉ែយកធ្វើប្រពន្ធទាល់តែបានហ្មង។
តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ ព្រះនាងតូច ក្រោយពីបានភ្ជាប់ពាក្យរួច បានសរសេររៀបរាប់ពីអនុស្សាវរីយ៍ស្នេហ៍គ្រាដំបូងរបស់នាងឲ្យដឹងថា៖ «គ្រាន់តែអូនទះមួយកំផ្លៀងសោះ ស្រាប់តែបងនិយាយថា បងតាមយកអូនធ្វើជាប្រពន្ធឲ្យបាន។
តែមិនដែលគិតថា មានថ្ងៃនេះទេ ព្រោះឈ្លោះគ្នារាល់ថ្ងៃ តែទោះជាយ៉ាងណាក៏គាត់មិនព្រមលែងដៃខ្ញុំដែរ អរគុណបង ដែលផ្តល់តម្លៃដល់អូនហើយក៏អរគុណអ្នកមានគុណទាំងសងខាងដែលបំពេញបំណងកូន។
ដំបូងឡើយយើងគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាទេ តែនៅថ្ងៃមួយពេលទៅញាំអីជាមួយមិត្តភក្តិ ខឹងគាត់និយាយច្រើនពេកក៏ទៅទះកំផ្លៀងគាត់មួយដៃ ហើយគាត់និយាយថា ទះមួយកំផ្លៀងហើយតាមញ៉ែទាល់តែបាន។ តែពីដំបូងខ្ញុំមិនដែលគិតអីជាមួយគាត់ទេ ព្រោះយល់ថា គាត់និយាយហើយគ្មានអ្នកស្រឡាញ់មនុស្សស្រីដែលមានអាយុច្រើនជាងខ្លួនទេ តែដឹងអីគាត់លេងមែនទែន។
តែអូនចង់និយាយថា បងគឺជាមនុស្សប្រុសដ៏ល្អសម្រាប់អូន ព្រោះបងបានធ្វើគ្រប់យ៉ាងដើម្បីអូន ទោះអូនរករឿងបងខ្លាំងប៉ុនណាក៏ដោយ ក៏បងមិនខឹងអូនដែរ ទោះដឹងហើយថា អូនជាអ្នកខុសហើយតែបងនៅតែមកសុំទោសអូនវិញដែរ ហើយក៏អរគុណខ្លាំងដែរផ្ដល់តម្លៃដល់អូន និងគ្រួសារអូនដោយមិនគិតពីរឿងអតីតកាល» ៕ ដោយ៖ លឹម ហុង