បន្ទាយមានជ័យ៖ ឆេះកុដិ ១ ខ្នង ២ ជាន់ ឯព្រះសង្ឃ និងអ្នកភូមិថា អត់ដឹងមូលហេតុទេ។ អគ្គីភ័យកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅភូមិវត្តស្រះចែង ស្ថិតក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រាសបានឲ្យដឹងថា៖ កុដិដែលត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុងនោះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ២៨ម៉ែត្រ គុណ ៩ម៉ែត្រ កំពស់២ជាន់។ កុដិនេះ ពុំមានព្រះសង្ឃគង់នៅទេ។ ប៉ុន្តែ រាល់ថ្ងៃមានមនុស្សប្រុសឆ្កួតម្នាក់មកស្នាក់នៅ។ តែពេលដែលឆេះនោះ មនុស្សឆ្កួតនោះនៅទេ។ ការបណ្តាលឲ្យឆេះនេះ នៅពុំទាន់ដឹងពីមូលហេតុ។ ច្បាស់លាស់ដែរ កំពុងធ្វើការស្រាវជ្រាវ។ ចំពោះសម្ភារៈដែលខូចខាតនោះមានសរសរចំនួន៤០ដើម, ឈើក្របចំនួន២០ម៉ែត្រគូប, ក្តារចំនួន១៥ម៉ែត្រគូប និងស័ង្កសីចំនួន១.៨៩០សន្លឹក។
លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ភ្លើងបានឆេះសន្ធោរសន្ធៅ មិនអាចសង្គ្រោះទាន់ពេលទេ។ តែក៏ត្រូវរថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង មិនរាលដាលឆេះកុដិក្បែរៗនោះ៕ ដោយ ៖ បន្ទាយ