ខេត្តកោះកុង៖ សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា មានក្រុមគ្រួសារអ្នកនេសាទសមុទ្រប្រមាណជិត ១០នាក់ រស់នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានពុលត្រីក្រពតធ្ងន់ធ្ងរ និងឈានដល់មានមនុស្សម្នាក់ស្លាប់ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នា២០១៨។
មន្ត្រីមូលដ្ឋាន និងសាច់ញាតិគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ក្រោយកើតហេតុ ពួកគេ បានព្យាយាមជួយនាំយកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលនៅជិតលំនៅឋានជនរងគ្រោះ យ៉ាងប្រញាប់ប្រញាល់បំផុត ដោយក្នុងនោះជនរងគ្រោះចំនួន ៦នាក់ បានបញ្ជូនទៅមន្ទីរពេទ្យស្រុកស្រែអំបិល និងចំនួន ២នាក់ទៀត បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ទោះជាបែបនេះក្តី នៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានបុរសរងគ្រោះម្នាក់ មានអាការៈធ្ងន់ធ្ងរជាងអ្នកពុលត្រីក្រពតដទៃទៀត បានស្លាប់នៅតាមផ្លូវ ពេលបញ្ជូនមកសង្គ្រើនៅមន្ទីរពេទ្យ។
មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ពេលនេះជនរងគ្រោះ ដែលពុលត្រីក្រពតទាំងនោះ កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានថា អ្នកជំងឺទាំងនោះ បានធូរស្រាល ឬធ្ងន់ធ្ងរបែបណានោះទេ ព្រោះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ៕ ដែន សីមា