ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានចូលទៅបាញ់សម្លាប់ គូដណ្តឹងមួយគូ ស្លាប់យ៉ាងអណោចអធម៌នៅក្នុងផ្ទះ នៅបុរីប៉េងហួត ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងពិន័យជាប្រាក់ជាង២លានដុល្លារសហរដ្ឋអាមេរិកផ្តល់ទៅកាន់គ្រួសារជនរងគ្រោះ គឺជាករណីទី១ ហើយក៏ជាសារសំខាន់មួយ សម្រាប់ជនទាំងឡាយ កុំឱ្យប្រព្រឹត្តខុសបែបនេះទៀត ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ ។
ករណីឃាតកម្មដ៏សាហាវឃោឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៉ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ជាអតិបរមាតាមច្បាប់ សរុបទាំង ៣សំណុំរឿង មានរហូតដល់ទៅ ៣១ឆ្នាំ ជាមួយសំណងជាប្រាក់សរុប ២លានដុល្លារ សម្រាប់អ្នកស្លាប់ និងរបួស ៥០ម៉ឺនដុល្លារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា លើកនេះ ដូចជាប់ទោស ៣១ឆ្នាំ ហើយត្រូវបង់សំណង ២លានកន្លះ។ លើកទី១ ហើយ ដែលសំណងសម្រាប់ជនរងគ្រោះមួយរូប មួយគ្រួសារ ១លានដុល្លារ។
បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះជាការសោកស្តាយ ដែលការបង្កជម្លោះរហូតមានការបាត់បង់ជីវិត ខណៈរឿងលុយមិនអាចយកមកសងជីវិតមនុស្សបាននោះទេ។ ប៉ុន្តែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យល់ថា ការកាត់ក្តីនេះ បានបង្ហាញពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ជាពិសេសទោះបីមានងារជាឧកញ៉ាក៏ដោយ ក៏នៅទទួលខុសត្រូវចំពោះមុខច្បាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ការកាត់ទោសមួយនេះ ជាសារសំខាន់សម្រាប់មនុស្សទាំងអស់ កុំឲ្យប្រព្រឹត្តអំពើបែបនេះ ហើយការកាត់ទោសបែបនេះ ក៏ជាការផ្តល់យុត្តិធម៌ដល់សង្គមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី