ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានសម្តែងនូវការព្រួយបារម្ភ ចំពោះការរាំងស្ទះដល់កម្មវិធីជំងឺទាំងបី ដោយជំងឺរាតត្បាតសកល ដែលបង្កដោយមេរោគកូរូណា ដែលអាចធ្វើឱ្យបាត់បង់លទ្ធផល ដែលយើងបានសម្រេចជាច្រើនឆ្នាំកន្លងទៅ ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់។
នៅម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលបានចូលរួម និងថ្លែងក្នុងនាមមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល លើកទី៤៣ តាមវីដេអូខុនហ្វឺរេន (43rd Global Fund Virtual Board Meeting) ដែលមានលោកជំទាវរ៉ូសាលីន (Lady Roslyn) ជាប្រធានកិច្ចប្រជុំ។
យោងតាមបទអន្តរាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា តាងនាមមណ្ឌលតំណាង តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកអគ្គនាយក ភីធឺ សេនដ៍ (Peter Sands) ដែលបានធ្វើរបាយការណ៍ផ្ទាល់មាត់ ដោយគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះលោកអគ្គនាយក ដែលបានសង្ខេបនូវព្រឹត្តិការណ៍ និងវឌ្ឍនភាព ដែលកើតមានឡើងតាំងពីក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកមុន។ យើងឯកភាពជាមួយអនុសាសន៍ របស់លោកអំពីបញ្ហាប្រឈម និងអាទិភាព ដែលយើងប្រឈមមុខនៅក្នុងកាលៈទេសៈនៃការគំរាមកំហែងពីជំងឺកូវីដ ១៩។ យើងសូមថ្លែងអំណរគុណ ចំពោះការត្រិះរិះរបស់លោកអគ្គនាយកចំពោះ បេសកកម្មរបស់មូលនិធិសកលទាំង មូល និងតួនាទីនៅក្នុងសហគមន៍សុខាភិបាលសកល។ ការធ្វើបច្ចុប្បន្ន ភាពប្រចាំសប្តាហ៍របស់លោកក្នុងរយៈពេល ២-៣សប្តាហ៍ចុងក្រោយនេះ មានសារសំខាន់យ៉ាងខ្លាំង។
ឯកឧត្តមសូមកោតសរសើរថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល លោកអគ្គនាយក និងលេខាធិការដ្ឋាន ដែលបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល តាមបណ្តាញអ៊ីនធឺណិត (វីដេអូខនហ្វឺរេន) ទៅតាមផែនការ។ មណ្ឌល តំណាងរបស់យើងសូមសាទរ ចំពោះការចាត់ចែងទាំងអស់ ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ ក្នុងនោះរួមបញ្ចូលទាំងភាពទន់ភ្លន់ ក្នុងការអនុវត្តគម្រោងជំនួយបច្ចុប្បន្ន ការបង្កើតឱ្យមានយន្តការឆ្លើយតបនឹងជំងឺកូវីដ១៩ និងការណែនាំក្នុងការប្រើប្រាស់ថវិកាជំនួយ ដល់ប្រទេសនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងមានការព្រួយបារម្ភ ចំពោះការរាំងស្ទះដល់កម្មវិធីជំងឺទាំងបី ដោយជំងឺរាតត្បាតសកល ដែលបង្កដោយមេរោគកូរូណា ដែលអាចធ្វើឱ្យបាត់បង់លទ្ធផល ដែលយើងបានសម្រេចជាច្រើនឆ្នាំកន្លងទៅ ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ទោះបីជាមានការគំរាមកំហែងពីជំងឺកូវីដ១៩ យើងត្រូវបន្តបំពេញបេសកកម្មស្នូលរបស់យើង និងមិនត្រូវបង្វែរការវិនិយោគ ពីកម្មវិធីជំងឺទាំងបីឡើយ។
ឯកឧត្តម បន្តថា យើងមានការព្រួយបារម្ភអំពីវិបត្តិហិរញ្ញវត្ថុក្នុងពេលខាងមុខ ដែលនឹងដាក់សម្ពាធដល់ថវិការបស់ម្ចាស់ជំនួយ នៅពេលបំពេញការសន្យារបស់ពួកគេក្នុងការផ្តល់ថវិកា និងចំពោះប្រទេសនានាក្នុងការចលនាប្រភពធនធានក្នុង ស្រុកដើម្បីផ្តល់សហហិរញ្ញប្បទាន ជាមួយកម្មវិធីមូលនិធិសកល។
យើងទទួលស្គាល់នូវសារសំខាន់នៃការចូលរួម របស់សហគមន៍នៅគ្រប់កម្រិត នៃវដ្ដជំនួយ។ យើងជឿថា សេវាសុខាភិបាលសហគមន៍ នឹងបន្តជាសមាសធាតុមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាលដែលមាំទាំមួយ។
ទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ជូនអង្គប្រជុំថា “ដោយអាណត្តិជាសមាជិកក្រុមប្រឹក្សាភិបាលរយៈពេល២ឆ្នាំ របស់ខ្ញុំ នឹងត្រូវបញ្ចប់ នេះជាកិច្ចប្រជុំក្រុមប្រឹក្សា លើកចុងក្រោយរបស់ខ្ញុំ។ សប្តាហ៍មុន ក្នុងកិច្ចប្រជុំជាមួយសមាជិកមណ្ឌលតំណាងរបស់ខ្ញុំ ខ្ញុំបានជម្រាបជូនពួកគាត់ អំពីស្ថានភាពរបស់ខ្ញុំ។ យើងនឹងគាំទ្រសមាជិកបម្រុងបច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាភិបាលបន្ទាប់ពីខ្ញុំ ហើយយើងនឹងបោះឆ្នោត រើសសមាជិកបម្រុងថ្មី នៅពេលណាដែលវៀតណាម ដែលជាប្រទេស ដែលត្រូវបានជ្រើសរើស ឱ្យរៀបចំកិច្ចប្រជុំ រួចរាល់ក្នុងការរៀបចំកិច្ចប្រជុំលើកក្រោយ។ ក្នុងករណីដែលយើងមិនអាចជួបប្រជុំផ្ទាល់មុខគ្នា ក្នុងអនាគតដ៏ខ្លីខាងមុខ យើងអាចប្តូរទៅរៀបចំកិច្ចប្រជុំ តាមអ៊ីនធឺណិត។ ក្នុងករណីនេះ យើងនឹងស្នើសុំជំនួយពីក្រុមអភិបាលកិច្ច។ លើសពីនេះ ខ្ញុំជឿជាក់ថាមូលនិធិសកលនឹងបន្តសម្រេចបាននូវជោគជ័យក្នុងបេសកកម្មស្នូលរបស់ខ្លួនក្នុងការសង្គ្រោះជីវិតមនុស្សរបស់លាននាក់”៕
ដោយ៖កូឡាប