ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍ ៣ចំណុចលើ “សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ”។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ”
ដែលមានខ្លឹមសារសង្ខេបដូចក្រោម៖ ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគីជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខ័ណ្ឌអាស៊ានគឺ “សន្ធិសញ្ញាអាស៊ាន ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ” ព្រមទាំងសន្ធិសញ្ញាទ្វេភាគី ជាមួយនឹងប្រទេសចំនួន៤រួមមាន៖ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាមួយចំនួនត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀត កំពុងស្ថិតក្នុងនីតិវិធី ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។
ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលនូវសំណើ សុំជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌពីបណ្ដាប្រទេសជាច្រើន ដែលមានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងជាមួយព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែដោយឈរលើគោលការណ៍បដិការ ព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់ជំនួយស្របតាមសំណើទាំងអស់នេះ ព្រោះនេះគឺជាកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទោះបីជាព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដល់ប្រទេសជាច្រើន រួមទាំងប្រទេសដែលមានសន្ធិសញ្ញាជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុងមួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ។
ឯកឧត្តម បានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុង មួយច្បាស់លាស់បំពេញបន្ថែម ឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍ នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញ្ញទៅមកទៀតផងដែរ។
គោលបំណង
ច្បាប់នេះ កំណត់អំពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
វិសាលភាព នៃច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ៖
– ការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះ មិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ
– ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌពីរដ្ឋទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះ មិនមានកិច្ចព្រមព្រៀងជាមួយ នឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
ច្បាប់នេះមិនមានវិសាលភាពអនុវត្តចំពោះការជួយទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា។
នីតិវិធីផ្ទៃក្នុងសម្រាប់អនុវត្តសំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះគ្រប់ករណីទាំងអស់ នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញតិ្តផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់នេះក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទង នឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយតាមរយៈមធ្យោបាយ ស្របច្បាប់ផ្សេងទៀតឡើយ៕ដោយ៖កូឡាប