ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ”។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ” កាលពីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ នៅវិមានសន្តិភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) ដែលកម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force/FATF)។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។
ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា នៅឆ្នាំ២០០៧ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពី ការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី១ និងបានរកឃើញថា កម្ពុជានៅពុំទាន់មានមូលដ្ឋានគតិយុត្ត និងយន្តការអនុវត្តច្បាប់គ្រប់គ្រាន់។ ការត្រួតពិនិត្យតាមដានជាបឋម ដោយក្រុមការងារហិរញ្ញវត្ថុ នៅឆ្នាំ២០១០ បានរកឃើញថា ការដាក់ទោសការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅពុំទាន់ស្របតាមបទដ្ឋានអន្តរជាតិ វិធានការបង្កក ឃាត់ទុក និងរឹបអូសផលនៃបទល្មើសនៅពុំទាន់មានភាពពេញលេញ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងពុំទាន់មានភាពទូលំទូលាយ។ ដូច្នេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ បានសម្រាចដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។
ចាប់តាំងពីឆ្នាំ២០១១ – ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបំពេញកិច្ចការជាច្រើន ដើម្បីបំពេញតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។ ជាលទ្ធផល អង្គមហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ បានថ្លែងការកោតសសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និងបានសម្រេចជាឯកច្ឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
នៅឆ្នាំ២០១៦ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ និងបានរកឃើញថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្ត្រមួយចំនួននៅឡើយ ដូចជា មិនមានមូលដ្ឋានគតិយុត្ត ឬវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារហិរញ្ញវត្ថុ បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះម្ដងទៀត និងបានតម្រូវឱ្យអនុវត្តផែនការសកម្មភាពដើម្បីបំពេញបន្ថែមចំណុចខ្វះខាតជាយុទ្ធសាស្ត្រនានាតាមកាលបរិច្ឆេទកំណត់ ដូចជា៖ ត្រូវមានក្របខ័ណ្ឌគតិយុត្តទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យ ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០២០ ជាដើម។
ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖កូឡាប