រដ្ឋមន្ត្រីការបរទេសអាមេរិចលោក Mike Pompeo កាលពីថ្ងៃអាទិត្យបាននិយាយថា លោកបានកត់សម្គាល់ថា រដ្ឋាភិបាលចិនបានគំរាមជ្រៀតជ្រែក លើកិច្ចការរបស់អ្នកកាសែត នៅទីក្រុងហុងកុង ដោយលោកបញ្ជាក់ថា រាល់ការសម្រេចចិត្តណាមួយទាក់ទងនឹងស្វ័យភាពរបស់ទីក្រុងហុងកុង អាចប៉ះពាល់ដល់ការវាយតម្លៃរបស់អាមេរិចលើស្ថានភាពរបស់ហុងកុង។
លោកថ្លែងដូច្នេះថា “អ្នកកាសែតទាំងនោះជាសមាជិកនៃសារព័ត៌មានសេរី មិនមែនក្រុមឃោសនានោះទេ ហើយការរាយការណ៍ដ៏មានតម្លៃរបស់ពួកគេបានផ្តល់ដំណឹងដល់ប្រជាជនចិន និងពិភពលោក”។
លោក Pompe បានប្រកាសកាលពីថ្ងៃទី ៦ ខែឧសភាកន្លងទៅថា ក្រសួងការបរទេសកំពុងពន្យារពេល បញ្ជូនរបាយការណ៍ទៅកាន់សភាដើម្បីវាយតម្លៃថាតើ ទីក្រុងហុងកុងទទួលបានស្វ័យភាពគ្រប់គ្រាន់ពីចិន ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ពិសេសពីអាមេរិចឬយ៉ាងណា។
លោកថ្លែងថា នៅពេលនេះ ការពន្យារគឺដើម្បីអនុញ្ញាតឲ្យរបាយការណ៍ទទួលខុសត្រូវរាល់សកម្មភាពណាមួយ ដែលទីក្រុងប៉េកាំងអាចនឹងពិចារណា នៅពេលជិតដល់សមាជប្រជាជាតិចិន នៅថ្ងៃទី ២២ ខែឧសភាខាងមុខ។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងកំពុងតែកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិច និងប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហារចិនជុំវិញការគ្រប់គ្រងការផ្ទុះវីរុសកូរ៉ូណា។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុងទៅឲ្យចិនវិញ ក្នុងឆ្នាំ ១៩៩៧ ហើយទីក្រុងនេះត្រូវបានគេសន្យាថានឹងផ្តល់ស្វ័យភាពកម្រិតខ្ពស់រយៈពេល ៥០ឆ្នាំ ដែលវាបង្កើតបានជាមូលដ្ឋាននៃសិទ្ធិពិសេសក្រោមច្បាប់អាមេរិច៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia