ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីសប្តាហ៍មុន ប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ។
បើតាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤.៩៩៥.៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់ (៣២៧.៨២១) ។ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ ដែលកំពុងវាយលុកលើ ២១៦ ប្រទេស។
ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់ អំពីជំងឺឆ្លងដ៏កាចសាហាវនេះ។ ត្រូវបង្កើនអនាម័យ សុខភាពរស់នៅឲ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃ ឲ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលឬ ជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្ទមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ច។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ យើងរកឃើញករណីកូវីដ-១៩ ចំនួន១នាក់ថ្មីទៀត ។ គាត់ជាស្ត្រី ជនជាតិខ្មែរ ធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រឡប់មកមាតុប្រទេសវិញ ធ្វើឲ្យចំនួនកូវីដ១៩កើនដល់ ១២៤នាក់ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែឧសភានេះ បញ្ជាក់ថា អ្នកដែលទើបរកឃើញមានផ្ទុកមេរោគកូវីដ១៩នេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ថា ស្ត្រីវ័យ៣៩ឆ្នាំរូបនេះ ត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង ហើយមកដល់កម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
អ្នកមានកូវីដ១៩ គិតមកត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ មានចំនួន១២៤នាក់ក្នុងនោះ ស្ត្រី៣៨នាក់។ ក្នុងចំណោមអ្នកដែលមានកូវីដ១៩ទាំងនេះ ក្រសួងសុខាភិបាល ព្យាបាលជាចំនួន១២២នាក់ និងនៅសល់២នាក់ (ស្ត្រីម្នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕
ដោយ៖កូឡាប