Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​យក​លុយ​ដុល្លារ​ក្លែងក្លាយ​បន្លំ​ទិញ​ឥ​វ៉ាន់​បោក​គេ​ផ្អើល​នៅ​ក្រុង​តាខ្មៅ

ខេត្ត​កណ្ដាល ៖ បុរស​ម្នាក់​បាន​ជិះ​រថយន្ដ​មួយ​គ្រឿង​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​តាខ្មៅ ដោយ​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​បន្លំ​ទិញ​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ជា​បន្ដបន្ទាប់​គ្នា ចុង​ក្រោយ​បែកការ​ត្រូវ​ពលរដ្ឋ​ជា​អាជីវករ​ប្ដឹង​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​ចាប់ខ្លួន នៅវេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ ស្ថិតក្នុង​ភូមិ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តាខ្មៅ បានឲ្យដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​ឈ្មោះ សឺ ប៊ុន​ទ្រី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩ ផ្លូវ​២៧៤ សង្កាត់​បឹង​ព្រលឹត ខ័ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ចំណែក​ឯ​ជនរងគ្រោះ​មាន​៣​នាក់​ទី​១-​ឈ្មោះ ផាវ សារិទ្ធ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូ​រេ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទី​២-​ឈ្មោះ លឹម លីម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ទី​៣-​ឈ្មោះ ម៉ន អៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។ ក្នុង​ការចាប់ខ្លួន​នេះ​ផង​ដែរ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួមមាន​៖ រថយន្ត​១​គ្រឿង​ម៉ាក​TOYOTA pruis ពណ៌​ក្រហម បិទ​ស្កុត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-1163 ,​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​២,៧០០​ដុល្លារ​សហរដ្ឋអាមេរិក ,​ប្រាក់​ដុល្លារ​ពិតប្រាកដ​ចំនួន​២៩​ដុល្លារ​សហរដ្ឋអាមេរិក ,​ប្រាក់​រៀល​ចំនួន​១០២,៨០០​រៀល ,​ស្រា​បៀរ​ABC​ចំនួន​៣​កេស ,​ប្រេង​សាំង​ចំនួន​១​ប៊ីដុង មាន​ចំណុះ​៣០​លីត្រ ,​អាគុយ​ម៉ាក​ROCKET​ចំនួន​២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ម៉ាក​LG ពណ៌​ស ។​

​លោក​អធិការ​បាន​បន្ដថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ សឺ ប៊ុន​ទ្រី បាន​ជិះ​រថយន្ត​ម៉ាក TOYOTA pruis ពណ៌​ក្រហម បិទ​ស្កុត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-1163 ពី​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​តាខ្មៅ ដោយ​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ ក្រដាស់​១០​ៗ​ចំនួន​២៧០០​ដុល្លារ​សហរដ្ឋអាមេរិក រួច​ចុះ​ពីលើ​ឡាន​ទៅ​ទិញ​ស្រា​បៀរ​និង​សាំង​របស់​ជនរងគ្រោះ​ចំនួន​៣​នាក់​ដូច​រៀបរាប់​ខាងលើ​ជា​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ទិញ​រួច ជនសង្ស័យ​ក៏​បាន​បើករថយន្ដ​ចេញ​ពី​កន្លែង​លក់​ឆ្ពោះ​ទៅ​ទិញ​កន្លែង​ផ្សេងទៀត ។ ក្រោយមក​ជនរងគ្រោះ​បានដឹងថា ជនសង្ស័យ​ទិញ​ទំនិញ​របស់​ខ្លួន​ជា​ប្រាក់​ដុល្លារ​ក្លែងក្លាយ ភ្លាម​នោះ​ជនរងគ្រោះ​ក៏​តាម​រក​ជនសង្ស័យ​ឃើញ​នៅ​ម្តុំ​ផ្សារ​ព្រែក​ហូរ ភ្លាម​នោះ​ក៏​បាន​ឃាត់ខ្លួន រួច​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​នៅ​ចំពោះ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​ទំនិញ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​និង​កាលពី​ថ្ងៃ​ទី​១៩​ខែ​ឆ្នាំ​ដដែល​ក៏​ធ្លាប់បាន​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០០​ដុល្លារ​ទៅ​ដូរ​យក​ប្រាក់​រៀល​នៅ​ចំណុច​ស្តុប​ស្ពាន​ព្រែក​ហូរ​ម្តង​រួចមកហើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×