ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសក្នុងការអនុញ្ញាតដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលអាចធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត្តដើម្បីធ្វើប្រតិបត្តិការជួញដូរទ្រព្យសកម្មគ្រីបតូ។ ការដាក់ឱ្យមានការជួញដូរនូវទ្រព្យសកម្មគ្រីបតូនេះគឺជាការបោះជំហ៊ានថ្មីមួយទៀតនៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ យោងប្រកាសលេខ ធ១៤-០១៧-១៦១ ប្រ.ក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្តីពី ការគ្រប់គ្រង គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់
យោងតាមការចាំបាច់របស់ធនាគារជាតិនៃកម្ពុជា។
សម្រេច៖
ប្រការ ១.-ប្រកាសនេះ មានគោលបំណងគ្រប់គ្រងប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ស្របតាមមាត្រា ២ ដល់ ៤ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ប្រការ ២.-ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា និងមានបំណងកាន់កាប់ អិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ និង/ឬ មានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូក្នុងនាមជាបុគ្គលផ្តល់ សេវាទ្រព្យសកម្មគ្រីបតូ។
ប្រកាសនេះក៏មានវិសាលភាពអនុវត្តចំពោះនីតិបុគ្គលមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ដូចមានកំណត់ក្នុងប្រការ ២០ នៃប្រកាសនេះ។
លក្ខខណ្ឌនៃការអនុញ្ញាតចំពោះធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និង ការផ្តល់អាជ្ញាបណ្ណដល់នីតិបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូនឹងត្រូវកំណត់ដោយប្រកាសដោយឡែក។
ប្រការ ៣.-សម្រាប់គោលបំណងនៃប្រកាសនេះ ពាក្យបច្ចេកទេសមួយចំនួនត្រូវបានកំណត់និយមន័យ ដូចខាងក្រោម៖
ទ្រព្យសកម្មគ្រីបតូ (Cryptoassets) សំដៅដល់ឯកតាតម្លៃជាឌីជីថល ដោយប្រើប្រាស់គ្រីបតូ ក្រាហ្វី (Cryptography) និងបច្ចេកវិទ្យាឌីអិលធី (Distributed ledger technology ឬ DLT) ឬ បច្ចេកវិទ្យាប្រហាក់ប្រហែល។ ទ្រព្យសកម្មគ្រីបតូអាចត្រូវបានជួញដូរ ផ្ទេរ និងប្រើប្រាស់សម្រាប់ ការទូទាត់ ការវិនិយោគ ឬការទទួលបានទំនិញ/សេវា តាមប្រព័ន្ធឌីជីថល។ ទ្រព្យសកម្មគ្រីបតូ នេះរាប់បញ្ចូល ថូខិនទ្រព្យសកម្មប្រពៃណី (Tokenized traditional assets) ទ្រព្យសកម្មគ្រីបតូ មិនមានការធានា (Unbacked cryptoassets) ស្តេប៊លខ័ញ (Stablecoin) ថូកខិនយូធីលីធី (Utility token) និងថូកខិនមូលបត្រ (Security token)។ ទ្រព្យសកម្មគ្រីបតូនេះមិនរាប់បញ្ចូល រូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាល (Central bank digital currency – CBDC) ទេ។ សម្រាប់ គោលបំណងនៃការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទ្រព្យសកម្មគ្រីបតូនៃប្រកាសនេះ ទ្រព្យសកម្ម គ្រីបតូមិនរាប់បញ្ចូលនូវឯកតាតម្លៃតំណាងឱ្យរូបិយវត្ថុ ឬរូបិយប័ណ្ណ មូលបត្រ និងឧបករណ៍ ហិរញ្ញវត្ថុផ្សេងទៀតទេ។
អ៊ុចស្កូស៊ីទ្រព្យសកម្មគ្រីបតូ (Cryptoassets exposure) សំដៅដល់ចំនួនទ្រព្យសកម្មគ្រីបតូ ក្នុងឬក្រៅតារាងតុល្យការ ដែលអាចបង្កឱ្យមានហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យ ប្រតិបត្តិការ និង/ឬ ហានិភ័យសន្ទនីយភាព។ ប្រតិបត្តិការមួយចំនួនដែលអាចបង្កឱ្យមាន ហានិភ័យប្រតិបត្តិការ ដូចជា ការរក្សាទុកឬគ្រប់គ្រងទ្រព្យសកម្មគ្រីបតូរបស់អតិថិជន ក៏រាប់ បញ្ចូលនៅក្នុងអិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ។
គ្រឹះស្ថានផ្តល់សេវាទ្រព្យសកម្មគ្រីបតូ (Cryptoasset Service Providers – CASPs) សំដៅដល់ នីតិបុគ្គលផ្តល់សេវា ឬធ្វើប្រតិបត្តិការទ្រព្យសកម្មគ្រីបតូណាមួយសម្រាប់អតិថិជន ដូចជា (ក) ប្តូរទ្រព្យសកម្មគ្រីបតូទៅជារូបិយវត្ថុ រូបិយប័ណ្ណ ឬទ្រព្យសកម្មគ្រីបតូប្រភេទផ្សេង (ខ) ផ្ទេរ ទ្រព្យសកម្មគ្រីបតូ និង/ឬ (គ) រក្សាទុក ឬគ្រប់គ្រងទ្រព្យសកម្មគ្រីបតូ។
កាបូបអេឡិចត្រូនិក/អ៊ីវ៉ាឡេត (E-wallet) សំដៅដល់គណនីដែលអាចរក្សាទុកប្រាក់ ឬឯកតា តម្លៃផ្សេងទៀតជាមុននៅក្នុងកម្មវិធីសូហ្វែរឧបករណ៍អេឡិចត្រូនិក ដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ ជាដើម ដែលអាចធ្វើប្រតិបត្តិការអនឡាញ និងកត់ត្រាប្រវត្តិប្រតិបត្តិការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី