ជានិច្ចកាល ប្រពៃណីរមែងតែឆ្លុះបញ្ចាំងពីជាតិសាសន៍នីមួយៗ ហើយទន្ទឹមនឹងនេះក៏បញ្ជាក់អំពីភាពស៊ីវីល័យ សេចក្តីថ្លៃថ្នូរនិងលក្ខណៈវប្បធម៌ផងដែរ ។
ពិពណ៌នាអំពីប្រពៃណីខ្មែរ នាសម័យនគរភ្នំ ដែលបានផ្តើមឡើង តាំងតែពិស.តទី១ នៃគ្រឹស្តសករាជ ពិតជាមិនមែនជាការងាយស្រួលប៉ុន្មានទេ ជាពិសេសក្នុងរយៈកាលមួយដែលយើង ខ្វះឯកសារជាលាយល័ក្ខអក្សរ ។ ម្យ៉ាងទៀតក្នុងសម័យកាលនោះ ជនជាតិខ្មែទើបតែទទួលនូវឥណ្ឌានីយកម្ម ពុំទាន់មានលទ្ធភាពនិងចងក្រងជាក្បួនខ្នាតនៅឡើយដែរ ។
ដូច្នេះក្នុងករណីនេះ អធិប្បាយអំពីប្រពៃណីខ្មែរនាសម័យនោះ ត្រូវពឹងផ្អែកទៅលើវត្ថុទាំងឡាយ ដែលបានមកពីស្ថានីយ៍ប្រវត្តិសាស្ត្រអង្គរបុរី ឬវ្យាធបុរៈ ។
ដោយមានឯកសារមិនទាន់គ្រប់គ្រាន់នៅឡើយ យើងពុំទាន់រៀបរាប់ឲ្យបានពិស្តារ អំពីជីវភាពរបស់ខេមរជន នាសម័យដើមប្រវត្តិសាស្ត្រខ្មែរ ពោលគឺអរិយ្យធម៌ផ្នែកសម្ភារៈ និងជំនឿសាសនា ឬសីលធម៌ឡើយ ។ បើនិយាយម្យ៉ាងទៀត យើងគ្រាន់តែសូមលើកនូវទំនៀមទំលាប់ ដែលទាក់ទងនឹងការនិយមស្លាម្លូ ដោយបុព្វការីជនខ្មែរប្រមាណជា ២០០០ឆ្នាំកន្លងមកនេះប៉ុណ្ណោះ ។
ក្រឡផ្ទុកកំបោរ, អង្គរបុរី សារមន្ទីរជាតិ ពន្ធុវិទ្យា, ទួលគោក (ថត ២០០០)
ថ្វីត្បិតតែយើងពុំអាចតាំងកាលបរិច្ឆេទ នៃការនិយមខាងលើនេះបានយ៉ាងច្បាស់លាស់ក៏ដោយ ក៏យើងអាចបញ្ជាក់ថា ខ្មែរយើងនាសម័យបុរេប្រវត្តិសាស្ត្រ បានចេះស៊ីស្លាម្លូយ៉ាងប្រាកដ ។ កាសន្និដ្ឋានបែបនេះគឺ យោងទៅលើការរកឃើញ នូវប្រអប់ធ្មេញមានពណ៌ខ្មៅ ក្នុងស្ថានីយ៍ភូមិបានឈាង នាសម័យបុរេប្រវត្តិសាស្ត្រ ។ សូមបញ្ជាក់ថា ធ្មេញដែលមានពណ៌ខ្មៅខាងលើនេះ បណ្តាលមកពីការនិយមស្លាម្លូ ហើយមួយវិញទៀត ប្រពៃណីខ្មែរនេះ កំពុងពេញនិយមដោយកុលសម្ព័ន្ធខ្មែរលើផងដែរ ។ ឧទាហរណ៍ខាងលើនេះ សឲ្យឃើញនូវនិរន្តភាពនៃទំនៀមទម្លាប់នេះ ដោយហេតុថា វាពុំទាន់ត្រូវបានបោះបង់ចោលនៅឡើយ ពោលគឺគង់វង្សរហូតដល់សព្វថ្ងៃ ។
ថ្មីៗនេះ យើងបានរកឃើញនៅស្ថានីយ៍អង្គរបុរី នូវក្រឡមួយចំនួន ដែលផ្ទុកកំបោរពណ៌ផ្កាឈូក ។ របកគំហើញនេះជាភស្តុតាងមួយយ៉ាងសំខាន់ សម្រាប់បង្ហាញបញ្ជាក់អំពីការនិយមស្លាម្លូ នាដើមសម័យប្រវត្តិសាស្ត្រ ។
ការពិនិត្យយ៉ាងហ្មត់ចត់នូវជាតិកំបោរ ដែលស្ថិតក្នុងក្រឡធ្វើអំពីដីដុតខាងលើនេះ អាចផ្តល់ឲ្យយើងនូវព័ត៌មានមួយចំនួនទៀត ដែលយើងពុំទាន់មានពីមុនឡើយ ។ ព័ត៌មានទីមួយ គឺយើងបានរកឃើញថា ដើម្បីធ្វើកំបោរគេយកសំបកលៀស ដុតឲ្យម៉ត់ក្លាយទៅជាផេះ ។ ទន្ទឹមនឹងនេះយើងក៏អាចដឹងទៀតថា សំបកលៀស ដែលគេបានយកទៅផលិតកំបោរទាំងនោះ ពិតជាមកពីតាមបឹងបួរ ព្រែក អូរ និងដងទន្លេមេគង្គដែលក្រុមមនុស្សបានបរិភោគជាចំណីអាហារ ។
សរុបសេចក្តីមក ការស្រាវជ្រាវខាងលើនេះមិនទាន់មានសព្វគ្រប់ទេ ព្រោះមិនបានស៊ីជម្រៅ ប៉ុន្តែជាទីមោទនៈ ។ ម្យ៉ាងវិញទៀត បើតាមខ្លឹមសារនៃសិលាចារឹក យើងក៏បានដឹងទៀតថា មានការដាំដើមស្លាជាច្រើននៅក្នុងភូមិភាគនេះ ហើយទង្វើនេះពិតជាមានការទាក់ទងទៅនឹង ប្រពៃណីស៊ីស្លាម្លូនេះឯង ដែលត្រូវបានបន្តរហូតដល់បច្ចុប្បន្ន ៕ (ម.ត្រាណេ)