Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អឺរ៉ុប នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា

​ភ្នំពេញ​៖ លោកជំទាវ​ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា សហភាព​អឺរ៉ុប បានចេញ​មុខ​បន្ត​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ប្ដេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់​ខ្លាំង​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងទេសចរណ៍​កម្ពុជា​។​

​ជាមួយ​លោកជំទាវ ខា​មិន ម៉​រី​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពី​បច្ចុប្បន្នភាព នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​ប្រជាជន​មួយចំនួន ដែល​ធ្លាប់​បម្រើការ​ក្នុង​វិស័យ​សេវាកម្ម បាត់បង់​ការងារ​ធ្វើ​។ នា​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​ក៏​នៅ​ទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ខ្លះ​ដែរ ដោយ​ក្នុង​រយៈពេល ៣ សប្ដាហ៍​នៃ​ខែឧសភា​នេះ មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​ជិត ៤ សែន​នាក់​បានចេញ​ដើរ​ទស្សនា​ទូទាំងប្រទេស​។ កម្ពុជា​បានដាក់​​ចេញ​វិធានការ​មួយចំនួន ដោយ​គ្រោង​ប្រមូល​អ្នក​បាត់បង់​ការងារ​ពី​វិស័យ​ទេសចរណ៍ ឱ្យមក​ទទួល​ការបណ្ដុះ​បណ្ដាល​ជំនាញ​ទេសចរណ៍​បន្ថែម ដើម្បី​ត្រៀមខ្លួន​ចូលមក​បម្រើ​ការងារ​នៅពេល​ភ្ញៀវទេសចរ​ត្រលប់​មកវិញ​។

ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ជួយ​គាំទ្រ​ដល់​កិច្ចការ​ដ៏​ចាំបាច់​នានា ពិសេស​គឺ​ការបង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល ឬ​ហៅថា E-learning​។ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​សហភាព​អឺរ៉ុប​ជួយ​គាំទ្រ និង​ផ្ដល់​កិច្ចសហប្រតិបត្តិការ ពិសេស​ចែករំលែក​បទពិសោធន៍ លើ​ការរៀបចំ​វិធានការ​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ និង​ការស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ តាមបែប​ផែន​ថ្មី New Normal life ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន ស្នើ​ទៅកាន់​លោកស្រី​ឯកអគ្គរដ្ឋទូត ចំពោះ​ការផ្សព្វផ្សាយ អំពី​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅកាន់​ទីផ្សារ​ទេសចរ​ណ៍​អឺរ៉ុប ដើម្បី​ជំរុញឱ្យមាន​ចលនា​ទេសចរ​អន្តរជាតិ មក​កម្ពុជា​វិញ នៅក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​។ រមណីយដ្ឋាន​ទេសចរណ៍ តំបន់​អេកូ​ទេសចរណ៍​នានា ពិសេស​តំបន់​សៀមរាប​-​អង្គរ តំបន់​អេកូ​ទេសចរណ៍ ភូមិភាគ​ឦសាន តំបន់ឆ្នេរ​សមុទ្រ​នា​ភាគ​និរតី ក៏​កំពុង​រៀបចំ​កែលម្អ​សោភ័ណភាព ប្រព័ន្ធ​គមនាគមន៍ និង​សេវាកម្ម​ជាច្រើន​ផ្សេងទៀត​ផងដែរ ដើម្បី​ត្រៀម​ចំ​ស្វាគមន៍​ការ​ត្រលប់​មកវិញ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​។​

ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សហភាព​អឺរ៉ុប ដែលមាន​បទពិសោធន៍​ខាង​រៀបចំ​រចនាសម្ព័ន្ធ​ទីក្រុង​ស្អាត ទីក្រុង​វៃឆ្លាត (Smart City) ឱ្យជួយ​គាំទ្រ​ជ្រោមជ្រែង​ដល់​កម្ពុជា​បន្តទៀត ។ ប្រការនេះ​ក៏ត្រូវ​បាន​ចាត់ទុកថា ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ ហើយក៏​ស្រប​ពេលដែល​កម្ពុជា​កំពុង​រៀបចំខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ «​វេទិកា​ទេសចរណ៍​អាស៊ាន ២០២១ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ២០២៣​ផងដែរ​។​

​ជាមួយនឹង​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ត្រូវបាន​លោកជំទាវ​ឯកអគ្គរដ្ឋទូត ខា​មិន ម៉​រី​ណូ ទទួលយក និង​បាន​ប្ដេជ្ញា បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ ជាមួយ​ក្រសួងទេសចរណ៍​។​

​លោកស្រី ខា​មិន ក៏បាន​មើលឃើញ​ពី​ការខិតខំ​របស់​កម្ពុជា ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ប្រកបដោយ​ចីរភាព និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​។ ដោយហេតុ​នេះហើយ ទើប​សហភាព​អឺរ៉ុប ចេញមុខ​បន្ត​គាំទ្រ​ជួយ​អភិវឌ្ឍន៍​វិស័យនេះ​បន្តទៀត ហើយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ទាំងឡាយ នឹង​កាន់តែ​ល្អប្រសើរ​ឡើង ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដរ​សាត់​បាត់ទៅ​។​

​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​រូបនេះ ថែមទាំង​បាន​ប្ដេជ្ញា នាំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា ក៏ដូចជា​ការត្រៀម​​ខ្លួន​របស់​ពលរដ្ឋ​កម្ពុជា ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ពី​អឺរ៉ុប គឺ​កិត្តិនាម​មនុស្សធម៌​មិនចេះ​រីងស្ងួត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា បាន​ជួយ​យកអាសា​ភ្ញៀវ​អន្តរជាតិ​នៅលើ​នាវា Westerdam យកទៅ​ផ្សព្វផ្សាយ ទៅក្នុង​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប គ្រប់​ច្រកល្ហក​៕

​ដោយ​៖​កូ​ឡាប​

×