ខេត្តស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋ៣៣ខ្នង ក្នុងឃុំចំនួន៣ នៅស្រុកស្វាយជ្រំ ត្រូវដួលរលំរាបដល់ដី និងរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ សំណាងមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លៀងនិងខ្យលកន្ត្រាក់មួយកើតឡើង បណ្ដាលអោយឃុំចំនួន៣ នៅស្រុកស្វាយជ្រំដួលរលំផ្ទះ៤ខ្នង និងរបើកដំបូល២៩ខ្នងមាន
មានម្ចាស់ឈ្មោះ ពៅ ហឿនភេទប្រុសអាយុ៥៧ឆ្នាំ រស់ភូមិស្វាយអង្គ ឃុំស្វាយអង្គ បណ្តាលឲ្យរលំទាំងស្រុងចំនួន១ខ្នង។
ចំណែកឃុំគោកព្រីងមាន របើកដំបូល១ខ្នង និងឃុំក្រោលគោ រលំទាំងស្រុង៣ខ្នង មានម្ចាស់ឈ្មោះ ខឹម សារី ភេទអាយុ៥៣ឆ្នាំ រស់ភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ផ្ទះមានទំហំ៦គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីបណ្តាលរលំទាំងស្រុង។
ទី២ ម្ចាស់ឈ្មោះមាន ឃាំង រៀម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃធ្នង់ ឃុំក្រោលគោ ផ្ទះទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី បណា្តលឲ្យរលំទាំងស្រុង។ ទី៣ មានម្ចាស់ឈ្មោះម៉ៅ ហច ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ផ្ទះទំហំ៤គុណនិង៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក៍សីបណ្តាលឲ្យរលំទាំងស្រុង។
ប្រភពបន្តថា ចំណែកផ្ទះ២៨ខ្នងទៀត ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ
របើកដំបូល ប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសនោះទេ។
អាជ្ញាធរស្រុកស្វាយជ្រំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់រន្ទះ ត្រូវរកទីទួលសុវត្ថិភាព កុំចេញទៅតាមវាល ហើយត្រូវបិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ព្រោះវត្ថុអស់ទាំងនេះ ស្រូបចរន្តបណ្តាលឲ្យងាយគ្រោះថ្នាក់ខ្លាំងណាស់៕
ដោយ៖ វ៉ៃកូ