ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ និងក្មេងស្រីម្នាក់ទៀតបានរងរបួសស្រាល ខណៈដែលស្ត្រីវ័យចំណាស់ខាងលើ ពេលជិះកង់បត់ឆ្វេងអត់មើលក្រោយខ្វះ ការប្រុងប្រយ័ត្ន ត្រូវម៉ូតូក្មេងស្រីមកពីក្រោយបុកពេញទំហឹង។
ករណីកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៩/១៤០ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: នៅមុនពេលកើតហេតុគេស្ត្រីចំណាស់ម្នាក់មានឈ្មោះ អ៊ុក សុផាត អាយុ ៥៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះកង់មួយគ្រឿង ដែលធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងដោយពុំបានមើលក្រោយ ស្របពេលនោះមានម៉ូតូម៉ាកSUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ផ្លាកលេខ ស្វាយរៀង 1.O 2890 បើកបរដោយឈ្មោះ សឺ ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្សរស់នៅភូមិ ពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ពាក់មួកសុវត្ថិភាព) ធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បណ្តាលឲ្យបុកចំខ្នងកង់មុខពេញទំហឹង ដួលអូសបោកនឹងថ្នល់ទាំងម៉ូតូ និងមនុស្សជាង១០ម៉ែត្ររងរបួសធ្ងន់ស្រាល។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ គេឃើញមានសមត្ថកិច្ច ចុះមកជួយសម្រួលចរាចរណ៍ និងហៅរថយន្តសង្គ្រោះ ដឹកអ្នករបួសទាំងអស់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
សូមបញ្ជាក់ផងដែរថា ដោយសភាពជនរងគ្រោះឈ្មោះ អ៊ុក សុផាត ភេទស្រី អាយុ៥៨ឆ្នាំ (អ្នកជិះកង់) ធ្ងន់ពេក បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើការសង្គ្រោះ៕
ដោយ : វ៉ៃកូ