ស្ទឹងត្រែង៖ យុវតីដ៏ស្រស់ស្អាតកូនកាត់ខ្មែរឡាវម្នាក់ បានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន។ ហេតុការណ៍នោះបានកើតឡើង នៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង វេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
លោកឃុន វាសនា មេប៉ុស្តិ៍នគរបាលឃុំថ្មកែវ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី 13 មិថុនាថា យុវតីឈ្មោះ ថា ចេតនា អាយុ ១៧ ឆ្នាំ បានលេបថ្នាំសម្លាប់ខ្លួន។ ថ្នាំដែលនាងសម្រេចចិត្តលេបធ្វើអត្តឃាតនោះ មិនមែនជាប្រភេទថ្នាំពុលទេ គឺជាថ្នាំសម្រាប់ព្យាបាល គ្រាន់តែនាងលេបច្រើនហួសកម្រិត ធ្វើឲ្យប៉ះពាល់ដល់សុខភាព រហូតសន្លប់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក ហើយនឹងមានការអន្តរាគមន៍ ពីនគរបាលប៉ុស្តិ៍ និងជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីសង្គ្រោះ។
លោកមេប៉ុស្តិ៍ថ្មកែវ បានប្រាប់ឲ្យដឹងទៀតថា មូលហេតុយុវតីដែលគិតខ្លី លេបថ្នាំក្នុងបំណងផ្ដាច់ជីវិតខ្លួនឯងនោះ កើតឡើងដោយសារមានជម្លោះជាមួយប្អូនបង្កើត។ ដោយសារប្អូនស្រីបង្កើតរបស់នាង យកខ្សែកគាត់ពាក់ ដោយមិនបានប្រាប់ថា ធ្វើឲ្យមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង រហូតឈានដល់ទាស់សម្ដីគ្នា យកថ្នាំលេបក្នុងបំណងផ្ដាច់ជីវិត នៅក្នុងបន្ទប់ ប៉ុន្តែក្រុមគ្រួសារដឹងទាន់ ក្នុងរយៈពេល15 នាទីក្រោយ ក៏បានដឹកបញ្ជូនជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។
លោកឃុន វាសនា បានបញ្ជាក់នៅថ្ងៃទី 13 មិថុនាថា យុវតីដែលលេបថ្នាំទៅឃុំថ្មកែវ ដែលបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បានធូរស្បើយ រួចផុតពីគ្រោះថ្នាក់ហើយ៕
ដោយ៖សុខុម