យន្តហោះទម្លាក់គ្រាប់បែកអាមេរិចចំនួន២គ្រឿង បានហោះលើឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីបង្ហាញពីអនុភាព ខណៈដែលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំជួបជាមួយនឹងមន្ត្រីការពារជាតិជាន់ខ្ពស់ដើម្បីពិភាក្សាពីវិធីក្នុងការឆ្លើយតបចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង។
យន្តហោះទំលាក់គ្រាប់បែអាមេរិចប្រភេទ B-1B ត្រូវបានអមដោយយន្តហោះចំបាំងកូរ៉េខាងជើង ប្រភេទ F-15K បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកអាមេរិចទាំងពីរគ្រឿងនោះបានចាកចេញពីមូលដ្ឋានរបស់វានៅហ្គាម(Guam)។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងថ្លែងនៅក្នុងសេចក្តីប្រកាសនៅថ្ងៃពុធនេះ។
សេចក្តីប្រកាសបន្តទៀតថា ក្រោយពេលហោះដល់ដែនអាកាសរបស់កូរ៉េខាងត្បូង យន្តហោះទំលាក់គ្រាប់បែកអាមេរិចទាំងនោះបានធ្វើសមយុទ្ធបាញ់មីស៊ីលពីលើអាកាសទៅក្នុងសមុទ្រ កូរ៉េខាងត្បូង បន្ទាប់មកហោះពីលើកូរ៉េខាងត្បូង ទៅដែនទឹករវាងកូរ៉េខាងត្បូង និងចិន។
យោធាអាមេរិចបានថ្លែងនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកថា យន្តហោះចំបាំងរបស់ជប៉ុនជាច្រើនគ្រឿងក៍បានចូលរួមធ្វើសមយុទ្ធផងដេរ។
ភាពតានតឹងរវាងអាមេរិច និងកូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងអាវុធរបស់ខ្លួនជាច្រើនលើកច្រើនសារ និងការធ្វើសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំប្រទេសទាំងពីរ។
ក្នុងរយៈប៉ុន្មានសប្តាហ៍មុន កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលចំនួន ២ដងហោះលើប្រទេសជប៉ុន និងបានធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦របស់ខ្លួន ខណៈដែលខ្លួនកំពុងមានការរីកចម្រើនយ៉ាងលឿនឈានទៅដល់គោលដៅក្នុងការសម្រេចការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីល ដើម្បីឲ្យមានសមត្ថភាពបាញ់ដល់អាមេរិច។ សុភ័ក្ត្រ