ប្រធានក្រុមអ្នកចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងជួបពិភាក្សាជាមួយនឹងមន្ត្រីអាមេរិចក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ ចំពេលកំពុងមានភាពតានតឹងខ្លាំងជាមួយនឹងកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបានបំផ្ទុះចោលការិល័យទំនាក់ទំនងអន្តរកូរ៉េ និងបានគំរាមប្រើយោធាលើកូរ៉េខាងត្បូងទៀតផង។
លោក Lee Do-hoon បានធ្វើដំណើរទៅអាមេរិចដោយមិនប្រកាសទុកជាមុន ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលកូរ៉េខាងជើង បំផ្លាញការិយាល័យទំនាក់ទំនងរួមនៅតំបន់ Kaesong ស្ថិតនៅក្បែរព្រំដែនកូរ៉េខាងត្បូង និងបានប្រកាសបញ្ចប់ការចរចារជាមួយនឹងកូរ៉េខាងត្បូង។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា លោក Lee Do-hoon ត្រូវគេរំពឹងថានឹងពិភាក្សាគ្នាជាមួយមន្ត្រីអាមេរិច រួមមានអនុរដ្ឋមន្ត្រីការបរទេសលោក Stephen Biegun ដែលបានដឹកនាំកិច្ចចរចាររំសាយនុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើង។
លោក Lee និងលោក Biegun នឹងធ្វើការវាយតម្លៃពីស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ និងធ្វើការពិភាក្សាគ្នាពីវិធានការឆ្លើយតប។
កូរ៉េខាងជើងមិនអើពើទៅនឹងការស្នើរបស់កូរ៉េខាងត្បូង ដើម្បីឲ្យមានការចូលរួម ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីចាប់ផ្តើមគម្រោងសេដ្ឋកិច្ចអន្តរកូរ៉េខាងឡើងវិញ បានជាប់គាំ ដោយសារតែទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើង ដើម្បីឲ្យរបបនេះបោះបង់ចោលនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីល។
Kim Yo Jong ដែលត្រូវជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃពុធបានធ្វើការិះគន់លើប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ថាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ និងបាននិយាយថា លោក Moo Jae-in បានដាក់កគាត់ចូលក្នុងអន្ទាក់របស់ក្រុមអ្នកបំរើគាំទ្រអាមេរិច។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ ជាមួយនឹងកូរ៉េខាងត្បូង រួមមានបណ្តាញទំនាក់ទំនងរវាងមេដឹកនាំនៃប្រទេសទាំងពីរ។
កូរ៉េខាងជើងបាននិយាយថា ខ្លួនបានខឹងដោយសារក្រុមផ្តាច់ខ្លួន នៅក្នុងកូរ៉េខាងត្បូងបានបង្ហោះខិត្តប័ណ្ឌចូលក្នុងព្រំដែន។
ក្រុមដែលផ្តាច់ខ្លួនចេញពីកូរ៉េខាងជើងជារឿយៗបង្ហោះប៉េងប៉ោងចូលព្រំដែន ដោយមានភ្ជាប់ជាមួយនឹងខិត្តប័ណ្ឌ ព្រមទាំងវត្ថុផ្សេងៗដូចជា អាហារ ក្រដាសប្រាក់ ១ដុល្លារ និង Flash USB ដែលក្នុងនោះមានភាពយន្តកូរ៉េខាងត្បូង និងពត៌មានជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters