ភ្នំពេញ៖ បច្ចេកវិទ្យា 5G ត្រូវបានគេចាត់ទុកថាជាបច្ចេកវិទ្យាជំនាន់ទី៥ ដែលមានការវិវឌ្ឍខ្លាំងបើប្រៀបទៅបច្ចេកវិទ្យា 4G សម្រាប់ឧបករណ៍ចល័ត។ ប្រព័ន្ធ 5G អាចផ្ដល់ល្បឿនរហូតដល់ ១០០ដងនៃល្បឿនប្រព័ន្ធ 4G (150-250Mbps v 20-30Mbps) ដែលអាចឱ្យលោកអ្នកប្រើអ៊ីនធឺណិត មើលភាពយន្ត និងទាញយកឯកសារផ្សេងៗបានយ៉ាងលឿន ម្យ៉ាងវិញទៀតប្រព័ន្ធ 5G ក៏អាចកាត់បន្ថយរយៈពេលរង់ចាំក្នុងការទំនាក់ទំនងរវាងឧបករណ៍ (reduce latency) ដែលនេះមានសារប្រយោជន៍បំផុតសម្រាប់ប្រើជាមួយ ឧបករណ៍នៅក្នុងមន្ទីរពេទ្យ និងរថយន្តដែលអាចបើកបានដោយខ្លួនឯងជាដើម។ នេះបើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទ។
ដើម្បីទាញយកនូវអត្ថប្រយោជន៍របស់ប្រព័ន្ធ 5G ថ្មីៗនេះក្រុមហ៊ុនទូរសព្ទ M1 បានសហការជាមួយក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយ ដើម្បីធ្វើការសាកល្បងបង្ហោះដ្រូននៅតាមឆ្នេរសមុទ្រនៃប្រទេសសិង្ហបុរី។ ការសាកល្បងនេះ គឺដើម្បីធ្វើការវាយតម្លៃ ថាតើគេអាចបង្ហោះដ្រូនបានដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ដោយប្រើប្រព័ន្ធ 5G របស់ក្រុមហ៊ុនទូរស័ព្ទ M1 បានដល់កម្រិតណា ហើយវាក៏ជាឧកាសមួយដើម្បីឱ្យក្រុមហ៊ុន M1 អង្កេតមើលពីដំណើរការប្រព័ន្ធ 5G ដែលទើបបានដាក់ឱ្យប្រើប្រាស់របស់គេផងដែរ។
ប្រើប្រាស់បច្ចេកវិទ្យា 5G និងទិន្នន័យពីប្រព័ន្ធបណ្ដាញ (Network-based data) សម្រាប់កំណត់ទីតាំងអាចផ្ដល់ភាពសុក្រឹតជាងប្រព័ន្ធ GPS ទៅទៀត នេះបើតាមការផ្សព្វផ្សាយរបស់ M1។ ក្រៅពីការសាកល្បងប្រើបច្ចេកវិទ្យា 5G សម្រាប់ការបង្ហោះដ្រូន កាលពីខែមុនក្រុមហ៊ុន IBM ក៏មានផែនការ ក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន M1 និង Samsung ដើម្បីបង្កើតកម្មវិធីសម្រាប់វិស័យផលិតកម្ម ដោយប្រើបច្ចេកវិទ្យា 5G ជាមួយ AI និង Internet of Things (IoT) ផងដែរ៕
ដោយ៖កូឡាប