ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន) ដើម្បីពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសមកដល់ ប្រទេសកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។
ជាក់ស្តែង ជំនួយឥតសំណងនៃមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ពោធឲ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល គឺជាសក្ខីភាពមួយទៀតបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវ សណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជាដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេស ជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ និងជាពិសេសក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ និងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសមាសដល់ប្រជាកសិករយើង ដើម្បីកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី “កសិករ ទៅជាកសិ-ពាណិជ្ជករ”។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គម្រោងវិនិយោគលើផលិតកម្មបន្លែនេះ គឺស្របពេលដែលអ្នកបរិភោគ កំពុងផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
Dr. Nabeshima បានជ្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។
ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។
ឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ ៥ គឺតំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ
។ តាមរយៈតំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំថានឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយ នូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជា កំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសោមនស្សរីករាយជាពន់ពេក និងគាំទ្រនូវរាល់ចំណុចសំខាន់ៗដែលក្រុមហ៊ុនបានលើកឡើង ដោយបានបញ្ជាក់ជូនភ្ញៀវថា នេះជាចំណុចចាប់ផ្តើមប្រកបដោយ មោទន:ភាពសម្រាប់ក្រសួង ដ៏ដូចជារាជរដ្ឋាភិបាល ជាពិសេសកសិករផលិតបន្លែផ្ទាល់តែម្តងតាមរយៈផ្ញើក្តីសង្ឃឹមថា នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែ នៅកម្ពុជានាពេលអនាគតដ៏ខ្លី ហើយលោកសង្ឃឹម និងជឿជាក់ថា គម្រោងដ៏មានអត្ថប្រយោជន៍មួយនេះ វានឹងទទួលបានជោគជ័យនាពេលអនាគត ដូចដែលក្តីស្រមៃរបស់រាជរដ្ឋាពិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងន័យទទួលបានភាពជាម្ចាស់ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក ” ផលិតផលកម្ពុជា”។
ដើម្បីឱ្យទាន់សភាពការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរីត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញ លេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕
ដោយ៖CEN