Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ពី​ជំងឺ​កូ​វីដ ១៩ ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា​

​ខេត្តស្វាយរៀង​៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បន្ត​ផ្សព្វផ្សាយ​ពី​ជំងឺ​កូ​វីដ ១៩ ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា​​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ដឹកនាំ​ដោយ លោក សរ វណ្ណា នាយក​សាខា សហការ​ជាមួយ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា និង​អ្នកស្ម័គ្រចិត្ត​ភូមិ ឃុំ បាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់ និង​បង្រៀន​ពី​របៀប​លាង​សម្អាត​ដៃ ឱ្យបាន​ត្រឹមត្រូវ និង​ផ្សព្វផ្សាយ​សារ​អប់រំ​របស់​ក្រសួងសុខាភិបាល ដោយ​ប្រដាប់​បំពង​សំឡេង​តាម​ម៉ូតូ ចែក​សាប៊ូ ម៉ាស ព្រមទាំង​បិទ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩ តាម​ខ្នង​ផ្ទះ ចែក​ប័ណ្ណប្រកាស​ពី​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព និង​ផ្សព្វផ្សាយ​បន្ថែម​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ពី​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​ចំនួន ២១០ នាក់ ស្រី ១៨៧ នាក់​ស្មើនឹង ៤៧ ខ្នង​ផ្ទះ ស្ថិតនៅ​ក្នុងភូមិ​បុស្ស និង​ភូមិ​ដីក្រហម ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ក្រោម​ការឧបត្ថម្ភ​ថវិកា​ដោយ​សហព័ន្ធ​អន្តជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (IFRC) ។​

​នាឱកាស​នោះ​លោក សរ វណ្ណា បាន​ជម្រាបជូន​ពី​ស្ថានការណ៍​វិវឌ្ឍន៍​ថ្មី នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល ព្រមទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព​អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ ជាពិសេស អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ដែល​កំពុងតែ​កើតមានទ្បើង​នៅក្នុង​ប្រទេស​យើង ។​

​លោកនាយក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប សូម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដូចខាងក្រោម​៖
លាងដៃ​ឲ្យ​បាន​ញឹកញាប់​នឹង​ជាប្រចាំ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ​។ ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹម​ត្រូ​។ ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ​។ ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់​។ បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​។ ជៀសវាង​ប៉ះពាល់​ជាមួយ​សត្វព្រៃ​រស់ ឬ​កន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារ​ការពារ​ខ្លួន​៕
​ដោយ​៖​វ៉ៃ​កូ​

×