Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បែកធ្លាយ​រឿង​ចែក​ប្រាក់​ទឹកតែ​គ្នា ក្នុងការ​ដេញថ្លៃ​គម្រោង​កែលម្អ​ផ្លូវ​​ដី​ក្រាល​បេតុង​អា​ម៉េ ប្រវែង​២០៥​ម៉ែត្រ នៅ​សង្កាត់​ស្វាយ​តឿ

​ខេត្តស្វាយរៀង​៖ សង្ស័យ​ការដេញថ្លៃ​គម្រោង​កែរ​លម្អ​ផ្លូវដី​ក្រាល​បេតុង​អា​ម៉េ​មួយ​ខ្សែ ប្រវែង​២០៥​ម៉ែត្រ​ខុស​ប្រក្រតី ដោយ​បែកធ្លាយ​រឿង​ចែក​ទឹកតែ​គ្នា ដោយ​ក្រុមហ៊ុន​ចូលទៅ​ដាក់​ដេញថ្លៃ​មាន​៨​ក្រុមហ៊ុន ក៏ប៉ុន្តែ​ក្រោយពី​ដេញថ្លៃ​ក្រៅផ្លូវការ​នៅ​ខាងក្រៅ ក្រុមហ៊ុន​ចំនួន​៥​យល់ព្រម មិន​ដាក់សំណើ​ដេញថ្លៃ​ទេ ហើយ​មានតែ​៣​ក្រុមហ៊ុន​ប៉ុណ្ណោះ​ចូល​ដាក់សំណើ​ដេញថ្លៃ ដោយ​បែកធ្លាយ​រឿង​បែងចែក​ទឹកតែ​គ្នា ប្តូរ​មិន​ដាក់សំណើ​ដេញថ្លៃ​។
​ការដាក់​ដេញថ្លៃ​កែលម្អ​ផ្លូវដី​ក្រាល​បេតុង​អា​ម៉េ ប្រវែង​២០៥​ម៉ែត្រ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាសង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​បើតាម​ក្រុមប្រឹក្សា​សង្កាត់​ស្វាយ​តឿ បាន​ឲ្យ​ដឹងថា សង្កាត់​ស្វាយ​តឿ មាន​គម្រោង​ដេញថ្លៃ​កែលម្អ​ផ្លូវដី​ក្រាល​បេតុង​អា​ម៉េ ប្រវែង​២០៥​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​បេតុង​០,១៥​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៨០.៤២៨.៩០០​រៀល​។ មាន​ក្រុមហ៊ុន​មក​ចុះឈ្មោះ​ចូលរួម​ដាក់​ដេញថ្លៃ​ចំនួន​៨​ក្រុមហ៊ុន ជាក់ស្តែង​ពេល​ដំណើរ​ការដាក់​ដេញថ្លៃ គឺមាន​តែ​៣​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​ចូល​ដាក់សំណើ​ដេញថ្លៃ​នៅ​សង្កាត់​ស្វាយ​តឿ​។​

​អ្នក​ចូល​ដេញថ្លៃ ទី​១)​ឈ្មោះ​លុយ ផានិត តំណាង​ក្រុមហ៊ុន​សុគន្ធ​សម្បត្តិ ដាក់​ដេញថ្លៃ ៨០.១៥៥.០០០​រៀល (​ថ្លៃ​ទាប​អាច​ទទួលយកបាន​)​។ ទី​២) ឈ្មោះ​សាន មុនី​ឧ​ត្ត​ម ក្រុមហ៊ុន​សាន មុនី ដាក់​ដេញថ្លៃ ៨០.៣៦០.០០០​រៀល (​ថ្លៃ​ខ្ពស់​មិនអាច​ទទួលយកបាន​)​។ ទី​៣)​ឈ្មោះ​អ៊ុន វីរៈ តំណាង​ក្រុមហ៊ុន​ថេ​ង វណ្ណៈ​ថេ ៦៦៦ ដាក់​ដេញថ្លៃ ៨០.២៥៧.៥០០​រៀល (​ថ្លៃ​ខ្ពស់​មិនអាច​ទទួលយកបាន​)​។ ដូច្នេះ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន គឺ​ក្រុមហ៊ុន​សុគន្ធ​សម្បត្តិ​ដែល​ដាក់​តម្លៃ​ទាប ៨០.១៥៥.០០០​រៀល​។​

ក៏ប៉ុន្តែ​បើតាម​អ្នកសង្កេតការ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា សង្ស័យ​ការដេញថ្លៃ​នេះ​ខុស​ប្រក្រតី ដោយ​ឃើញ​មាន​បែងចែក​ប្រាក់​ថ្លៃ​ទឹកតែ​គ្នា ជាមួយ​ក្រុមហ៊ុន ដែល​មិន​ទទួលបាន​គម្រោង​ក្នុង​១​ក្រុមហ៊ុន​២​លាន​រៀល ដោយ​បែងចែក​លុយ​គ្នា នៅខាងមុខ​សាលាសង្កាត់​តែម្តង​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង មាន​ដាក់​ដេញថ្លៃ​ចំនួន​២​គម្រោង ត្រូវ​ឆាចោល​១​គម្រោង​។

​គម្រោង ទី​១ សាងសង់​លូ​មូល​ដោះ​ទឹក ប្រវែង​១៦០​ម៉ែត្រ មុខកាត់​០,៦០​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៤៤.០៣៣.០០០​រៀល​។ មាន​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ ចំនួន​៣​ក្រុមហ៊ុន ទី​១ ) អ្នកដេញថ្លៃ ឈ្មោះ​ជារ​ត្ន័ តំណាង​ក្រុមហ៊ុន​ហួត​ហាក់ ដាក់សំណើ​ដេញថ្លៃ​ជាង​៣៣​លាន ក៏ប៉ុន្តែ​អ្នក​ផ្ទេ​សិទ្ធិ​ដេញថ្លៃ​គ្មាន​ឈ្មោះ​ក្នុង​ប័ណ្ណ​ក្រុមហ៊ុន​។ ទី​២)​ឈ្មោះ​ចាន់ឌីណា ក្រុមហ៊ុន​ចាន់ឌីណា ដាក់​ដេញថ្លៃ ជាង​៤៤​លាន​រៀល​។ ទី​៣)​ឈ្មោះ​ហាក់​ដាលីន តំណាង​ក្រុមហ៊ុន​ហាក់ លក្ខិណា ដាក់​ដេញថ្លៃ ជាង​៤៤​លាន ។ ក៏ប៉ុន្តែ​ក្រោយពី​ការពិនិត្យ​មើល​ឈ្មោះ​អ្នក​ផ្ទេ​សិទ្ធិ​ដេញថ្លៃ (​ជា​រ័ត្ន​) គ្មាន​ឈ្មោះ​នៅក្នុង​ប័ណ្ណ​ក្រុមហ៊ុន​ហួត ហាក់​
​គណៈកម្មការ​លទ្ធកម្ម​ឆាចោល លើក​ពេល​ដេញថ្លៃ​នៅពេល​ក្រោយ​។

​ទី​២)​គម្រោង​ជួសជុល​ផ្លូវដី​ក្រាល​បេតុង​អា​មេ ប្រវែង​២៩០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ​តម្លៃ​ប៉ាន់ស្មាន​១៥១.០៦៦.៦០០​រៀល​។ ក្រុមហ៊ុន​ចូលរួម​ដាក់សំណើរ​ដេញថ្លៃ​ចំនួន​៤​ក្រុមហ៊ុន ៖ ១,​អ្នកដេញថ្លៃ​ឈ្មោះ​សារិន ណៃ តំណាង​ក្រុមហ៊ុន​សុគន្ធ​សម្បត្តិ​៥៥៥ ដាក់​ដេញថ្លៃ​១១៨.៩០០.០០០​រៀល​។ ២,​ឈ្មោះ​យោគ សានិ​ន តំណាង​ក្រុមហ៊ុន សុ​ភី​សម្បត្តិ​ពាណិជ្ជ ដាក់​ដេញថ្លៃ ១៤០.០០០.៤០០​រៀល​។ ៣,​ឈ្មោះ​ហាក់ ដាលីន តំណាង​ក្រុមហ៊ុន​ហាក់ លក្ខិណា ដាក់​ដេញថ្លៃ ១៣០.៥០០.០០០​រៀល​។ ៤,​ឈ្មោះ​សូ ចាន់​ដា​រា ក្រុមហ៊ុន​សូ​ចាន់​ដា​រា ដាក់​ដេញថ្លៃ​៩៨.៦០០.០០០​រៀល (​តម្លៃ​ទាប​ទី​១​អាច​ទទួលយកបាន​) ក៏ប៉ុន្តែ​អ្នកចូលរួម​ដេញថ្លៃ​និយាយថា បែក​គម្រោង​ដោយមាន​ក្រុមហ៊ុន​មក​បម្រុង​ដាក់សំណើ​ដេញថ្លៃ​មាន​ជាង​១០​ក្រុមហ៊ុន ក៏ប៉ុន្តែ​មាន​អ្នកសម្របសម្រួល ដេញថ្លៃ​ខាងក្រៅ​ប្រាប់ថា មិនបាច់​ដាក់សំណើ​ដេញថ្លៃ​ទេ ចាំ​ឲ្យ​ទឹក​តែមួយ​ក្រុមហ៊ុន​២០០​ដុល្លារ​ទៅ​៤០០​ដុល្លារ លទ្ធផល​គឺ​បាន​ខកចិត្ត​ហួស​ម៉ោង​កំណត់ ដាក់​ដេញថ្លៃ បិទ​ដាក់សំណើ​ត្រឹម​ម៉ោង​៨​និង​១០​នាទី​ព្រឹក ត្រូវ​ម្ចាស់​គម្រោង​បិទ​ឈប់​ទទួល​។ ចំណែក​សង្កាត់​គយ​ត្របែក មាន​១​គម្រោង​ដែរ គម្រោង​សាងសង់​លូ​មូល​ដោះ​ទឹក​ប្រវែង​៥០៦​ម៉ែត្រ​មុខកាត់​០,៦០​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន​១១០.៨៩១.៩០០​រៀល ។​

​ហើយ​បើតាម​អ្នកចូលរួម​ដេញថ្លៃ​បង្ហើប​ឲ្យ​ដឹងថា ការដេញថ្លៃ​ប្រកាប់ប្រចាក់ ដោយ​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ បាន​គឺ​ត្រឹមតែ​ជាង​៧៥​លាន​រៀល​ប៉ុណ្ណោះ គឺ​ដេញថ្លៃ​ទាប​រហូតដល់​៥០​ភាគរយ ដែល​អ្នកជំនាញ​និយាយថា ការដេញថ្លៃ​ទាប​ដល់​៥០%​ពិបាក​ថ្លែង​ណាស់ សូម​ចាំ​ពិនិត្យមើល​គុណភាព​ពេល​សាងសង់​រួច​ចុះ​ទាន​៕

ដោយ​៖​វ៉ៃ​កូ​


×