នាវាពិឃាតអាមេរិចមួយគ្រឿង បានបើកចូលមកក្បែរដែនកោះមានជម្លោះ ដែលទាមទារកាន់កាប់ដោយមហាអំណាចអាស៊ី ចិន នៅសមុទ្រចិនខាងត្បូង ស្របពេលដែលរដ្ឋបាល ដូណាល់ ត្រាំកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
ប្រតិបត្តិការនាវាពិឃាតអាមេរិចនេះ គឺជាការប៉ុនប៉ងក្នុងការប្រឆាំងទៅនឹងអ្វី ដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាការប្រឹងប្រែងរបស់ទីក្រុងប៉េងកាំងក្នុងការដាក់កំរិតដល់សេរីភាពនៃនាវាចរណ៍នៅក្នុងដែនទឹកយុទ្ធសាស្ត្រ។
មន្ត្រីអាមេរិច បានថ្លែងប្រាប់សារព៌តមាន Reuters ដោយមិនបញ្ជេញឈ្មោះថា នាវាពិឃាតឈ្មោះ Chafee ដែលមានបំពាក់ដោយមីស៊ីលបានធ្វើប្រតិបត្តិការដូចធម្មតា ដែលប្រឆាំងទៅនឹងការទាមទារកាន់កាប់តំបន់ទឹកហួសហេតុ (របស់ចិន) ក្បែរកោះប៉ារ៉ាសែល (Paracel) ដែលជាកោះ ប្រទេសចិនមានជម្លោះ ជាមួយនឹងប្រទេសជិតខាង។
សូមរំលឹកផងដែរថា កាលពីខែសីហាកន្លងទៅ នាវាពិឃាតអាមេរិច បានបើកចូល ប្រហែលចំងាយប្រហែល ១៩គីឡូម៉ែត្រទៅក្បែរកោះសម្បនិម្មិតដែលសាងសង់ដោយចិន នៅក្នុងសមុទ្រចិនខាងត្បូង។សុភ័ក្ត្រ