ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានអស់លោកជាអភិបាលរងខេត្ត លោក លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានធ្វើការផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចជា បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នារដូវវស្សាឆ្នាំនេះ និងចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ ត្រូវផ្សព្វផ្សាយលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការប្រមូលពន្ធទៅដល់មូលដ្ឋានរបស់ខ្លួន។ ត្រូវជំរុញដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។ ត្រូវវមានវិធានការពង្រឹងឲ្យបានម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត និងការសង់តូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ។ មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាក្រុង-ស្រុកត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការបង្ការជំងឺគ្រុនឈាម និងបន្តយុទ្ធនាការគម្លាតសង្គមទៅលើប្រជាពលរដ្ឋដែលចំណាកស្រុក មកពីក្រៅប្រទេសដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ បន្តពង្រឹងការនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្របទៅតាមច្បាប់កំណត់៕
ដោយ៖វ៉ៃកូ