ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញសាក្សីក្នុង ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី “ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ្វ៊ូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្ម និងបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្ម ក្នុងរោងចក្រផលិតរបស់ក្រុមហ៊ុនដែលមានទីតាំងនៅសង្កាត់កាកាប រាជធានីភ្នំពេញផងដែរ។
ជាបឋមលោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយកក្រុមហ៊ុន បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិត កម្មកិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៣ប្រទេសរួចហើយ។
ថ្មីៗនេះ ដោយសារអង្ករកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ បានទាក់ទាញក្រុមហ៊ុនជប៉ុន “ខាមេដា” មកចូលរួមសហការវិនិយោគផលិតនំស្រួយដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។ រៀងរាល់ឆ្នាំក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមជាអង្ករ ពោត និងដំឡូងមីសរុបចំនួន ៤០០០តោន ដោយឡែកក្រុមហ៊ុន លីលីខាមេដា ប្រើអង្ករ ៣០០០តោន។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវបីតិសោមនស្ស ដោយបានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យានាព្រឹកនេះ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគ ជ័យនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានឡើយ។
ទាក់ទងនឹងខ្លឹមសារនៃពិធីនេះ លោកបានបញ្ជាក់ថាកិច្ចសន្យាផលិតកម្មកសិកម្ម បានជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមចេញពីផលិតផលកសិកម្មដែលកំពុងមានសក្តានុពល ឱ្យបានកាន់តែច្រើនឡើងដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព កាត់ បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិតវត្ថុធាតុដើម និងបង្កើតការងារ។
ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន គឺប្រាកដបានជួយលើកស្ទួយវិស័យកសិកម្មតាមរយៈការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដែលនឹងជួយបង្កើនតម្លៃ បន្ថែមលើកសិផល រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម “២០១៩-២០២៣”។
ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រឹងបរិយាកាសវិនិយោគឱ្យបាន ល្អប្រសើរដើម្បីស្រូបយកកម្លាំងពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម។
ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្ម បាននិងកំពុងក្លាយ ជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិតពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារ ដែលត្រូវធានាឱ្យបាននូវនិរន្តរភាព នៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និង នវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នាឆ្នាំ២០២៣-២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ពិធីនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ- ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាគំរូមួយដ៏ល្អសម្រាប់ ឈានទៅបន្តអនុវត្តកិច្ចសន្យានេះឱ្យបានទូលំទូលាយគ្រប់ផ្នែកនៃវិស័យកសិកម្ម។ ជាក់ស្តែង មកទល់ពេល នេះ វិស័យឯកជនបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្មក្នុងឆ្នាំ២០១៩ សរុបចំនួន ៤៩៨ ហើយគ្រាន់តែ ៦ខែដើមឆ្នាំ២០២០នេះ យើងបានចុះកិច្ចសន្យាចំនួន ៥១៦ករណី ដូចដែលបានរាយការណ៍ដោយលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួនផងដែរពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមាន ប្រសិទ្ធភាព ដោយត្រូវសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន រោងចក្រ សហគ្រាសកែច្នៃផលិតផលកសិកម្ម ទាំងអស់នេះគឺដើម្បីពង្រឹង និងពង្រីកយន្តការផលិតកម្មកសិកម្មធានាឱ្យបានទាំងបរិមាណ គុណភាព ស្តង់ដារផលិតដោយអនុវត្តបច្ចេកវិទ្យាចុងក្រោយ និងនវានុវត្តន៍ថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងបរិបទបច្ចុប្បន្ននេះ និងជាពិសេសនោះ គឺចូលរួមជំរុញអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងទទួលរងនូវហានិភ័យពីវិបត្តិ នៃការរាលដាលជំងឺឆ្លងកូវីដ១៩នេះ ដោយត្រូវ “ធ្វើការបណ្តុះបណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅ ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល”៕
ដោយ៖CEN