ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម អនុវត្តឆ្នាំ២០១៩ មានចំនួនជាង ២៧លានដុល្លារ សម្រេចបាន ១១៩,៩៤ ភាគរយ នៃការគ្រោងផែនការឆ្នាំ២០១៩ ធៀបទៅនឹងការអនុវត្តឆ្នាំ ២០១៨ កើនឡើងចំនួនជាង ៦លាន ៤សែនដុល្លារ ឬស្មើនឹង៣១,៤៣ភាគរយ។
ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៥ របស់កំពង់ផែស្វយ័តភ្នំពេញ លោកបានបបញ្ជាក់ថា ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងកាលការិយបរិច្ឆេទ មានសរុបចំនួនជាង ១១លានដុល្លារ សម្រេចបាន ១៦៤,៩៤ភាគរយ នៃការគ្រោងផែនការឆ្នាំ២០១៩ និងធៀបនឹងឆ្នាំ២០១៨ កើនឡើងចំនួនជាង៣លាន ៤សែនដុល្លារ ឬស្មើនឹង៤២,៨៤ភាគរយ។ ដោយឡែក ចំណេញក្នុងមួយឯកតាមូល បត្រកម្មសិទ្ធិ ក្នុងឆ្នាំ២០១៩ គឺជាង ២.២៨០រៀល ឬស្មើនឹង០,៥៦ដុល្លារ។
តាមរយៈការកើនឡើងនេះ កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា ខ្លួនបានប្រើប្រាស់គ្រប់យន្តការ ពង្រឹងគុណភាពសេវាកម្ម និងសមត្ថភាពលើការដាក់ និងការផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលថែទាំ ការងារជលធារសាស្ត្រ និងការងារបំពាក់គ្រឿងចក្រ និងឧបករណ៍ថ្មីៗជាដើម។
លោក ហ៊ឺ បាវី បានឲ្យដឹងថា សម្រាប់ទិសដៅការងារអនុវត្តន៍ចម្បង ឆ្នាំ២០២០ របស់កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែបន្តអនុវត្ត ផែនការសកម្មភាពការងារ តាមផែនការដែលបានគ្រោងទុក ធានាគុណភាពតម្លៃ តម្លាភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការផ្ដល់សេវាកម្ម ជូនដល់អតិថិជន ពង្រីកសេវាកម្ម និងអាជីវកម្ម ដែលមានស្រាប់ ឲ្យមានលក្ខណៈកាន់តែទូលំទូលាយ និងបង្កើតឲ្យមានសេវាកម្មថ្មីបន្ថែមទៀត ដែលពាក់ព័ន្ធទៅនឹងវិស័យកំពង់ផែ និងភស្តុភាកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្ដាកំពង់ផែក្នុងតំបន់ និងកំពង់ផែដទៃទៀតនៅលើពិភពលោក៕
ដោយ៖CEN