ភ្នំពេញ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង ដែលបណ្ដាលឲ្យនារីវ័យក្មេងស្រស់ស្អាតម្នាក់អាយុ១៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈសង្សាររបស់នាងរងរបួសយ៉ាងដំណំ ត្រូវបានរថយន្ដសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នារីរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកនឹងម៉ូតូរបស់ពួកនាង នៅចំណុចកើតហេតុខាងលើ គឺមានគណនីហ្វេសប៊ុកឈ្មោះ Ah Jruy ។ ចំណែកសង្សាររបស់នាងរងរបួសធ្ងន់ មានឈ្មោះ ទៀត គឹមហេង ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 ។
ជាមួយគ្នានេះផងដែរ គេក៏បានឃើញមានគណនីហ្វេសប៊ុកឈ្មោះ Kang Nai Houy ដែលគេដឹងថាត្រូវជាម្តាយបង្កើតនារីរងគ្រោះ បានបង្ហោះសារស្រណោះដល់កូនស្រីជាទីស្រឡាញ់ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ហេតុអីបានដាច់ចិត្តទៅ ហេតុអីបានមិននៅចាំម៉ាក់ ហេតុអីបានទៅមិនលាម៉ាក់មួយម៉ាត់ ហ្អែងអត់ទាន់បានធ្វើតាមសន្យាជាមួយម៉ាក់ទេ។ តើឲ្យម៉ាក់រស់នៅយ៉ាងមិចបន្តទៀត? កូនងើបឡើងប្រាប់ម៉ាក់មកឮអត់ម៉ាក់ឲ្យងើបឡើង! ហេតុអីហ្អែងធ្វើឲ្យម៉ាក់ឈឺចាប់យ៉ាងនេះ ព្រះអើយ កូនម្តាយ»៕
ដោយ៖ លឹម ហុង