ភ្នំពេញ៖ សម្រាប់អ្នកចង់ដើរលេងកម្សាន្តមកពីភ្នំពេញ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក៏ដូចជាអ្នកនៅតាមបណ្តាខេត្តផ្សេងៗ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺCovid-19 នៅកម្ពុជា ក៏ដូចជាពិភពលោក មិនទាន់មានភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ តែតំបន់រមណីយដ្ឋានមូយនៅស្រុកសំឡូត គឺទឹកធ្លាក់ស្ទឹងថ្មដាចំការទុរេនសំឡូត កំពុងទាក់ទាញភ្ញៀវទេសចរជាតិទៅលេងយ៉ាងច្រើនកុះករ ជាពិសេសនៅថ្ងៃចុងសប្តាហ៍។
រមណីយដ្ឋាននេះ បានផ្តល់ការកម្សាន្តសប្បាយរីករាយ បន្ធូរនូវភាពតានតឹងឬភាពតប់ប្រម៉ល់នៅក្នុងអារម្មណ៍របស់អ្នកបានទៅទស្សានា។ រមណីយដ្ឋានទឹកធ្លាក់ស្ទឹងថ្មដាចំការទុរេន មានទីតាំងស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ក្រៅពីចំការទុរេននិងចំការសាវម៉ាវ តំបន់នេះគឺជាកន្លែងទាក់ទាញមួយដ៏សំខាន់ដែលប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ចូលមកងួតទឹកលេងយ៉ាងសប្បាយរីករាយ ។
លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នកម្ពុជា ក៏ដូចជាពិភពលោក កំពុងតែស្ថិតក្នុងស្ថានភាពនៃជំងឺCovid-19 មិនទាន់មានភាពស្ងប់ស្ងាត់ ប៉ុន្តែមន្ទីរបានផ្តល់ឱកាសដល់ម្ចាស់រមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបងឲ្យបើកដំណើរការ សេវាទេសចរណ៍ឡើងវិញ ប៉ុន្តែម្ចាស់រមណីយដ្ឋាន ក៏ត្រូវតែមានការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ ការលាងដៃដោយអាល់កុល ឬជេលឲ្យបានស្អាតជាប្រចាំមុននឹងលើកម្ហូបអាហារមកជូនភ្ញៀវ ដើម្បីរួមគ្នាបង្កាទប់ស្កាត់ការឆ្លងជំងឺCovid-19 នៅក្នុងរលកទី២នេះ ឲ្យបាន។
គួរបញ្ជាក់ថា បើតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា តាំងពីមានការផ្ទុះជំងឺCovid-19 មក មិនមានភ្ញៀវទេសចរអន្តរជាតិ មកលេងខេត្តបាត់ដំបងទេ ប៉ុន្តែភ្ញៀវទេសចរណ៍ជាតិ បានកើនទៅលេងនៅតាមរមណីយដ្ឋានទឹកធ្លាក់នេះ ហើយនៅក្នុងនោះ មន្ទីរទេសចរណ៍ បានលើកទឹកចិត្តដល់អ្នកទេសចរណ៍ទាំងអស់ នៅពេលទៅដើរលេងត្រូវតែមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញត្តិឲ្យចូល និងគេចផុតពីការឆ្លងជំងឺCovid-19 បាន៕
ដោយ៖CEN