ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅទីស្តីការក្រសួងសុខាភិបាលអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាលនិងក្រុមហ៊ុនមិត្តហ្វូន ត្រូវបានរៀបចំឡើងជាផ្លូវការដែលក្នុងនោះ ក្រុមហ៊ុនមិត្តហ្វូននឹងដាក់ឲ្យដំណើរការនូវកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា និងដំណោះស្រាយ ICT ជាច្រើនទៀតនៅក្នុងវិស័យសុខាភិបាល។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិត្តហ្វូន និងអ្នកតំណាងជាច្រើនរូបទៀតរវាងភាគីទាំងពីរ។
អនុស្សរណៈយោគយល់នេះមានគោលបំណងបើកឱកាសនិងសក្តានុពលក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នៃបច្ចេកវិទ្យាសុខាភិបាល HealthTech ឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់ការចែកចាយធនធានវេជ្ជសាស្ត្រឲ្យស្មើគ្នា និងកែលម្អសេវាសុខភាពសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។
ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងសុខាភិបាលបានយល់ព្រមដាក់ពង្រាយ វិសាលភាពការងារជាក់លាក់ដូចជា ការដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធកម្មវិធីបច្ចេកវិទ្យាសុខាភិបាលតាមអនឡាញ ដែលជាការតភ្ជាប់រវាងរដ្ឋាភិបាលនិងក្រសួង
សុខាភិបាលជាមួយប្រជាជនលើការផ្តល់ដំបូន្មាន អំពីការថែទាំសុខភាពនិងធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺនៅទូទាំងប្រទេស។
ការអនុវត្តប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័អ៊ីនធឺណិត និងប្រព័ន្ធវីដេអូខនហ្វ្រេនសម្រាប់ ២៥ រាជធានី – ខេត្ត ដើម្បីដំណើរការប្រព័ន្ធថែទាំសុខភាពពីចម្ងាយ ដោយរលូននិងល្បឿនលឿន។ ការអនុវត្តប្រព័ន្ធ TeleHealth System និងកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្សេងៗទៀតដើម្បីបំពាក់ជូនប្រជាជននូវចំណេះដឹងអំពីវិធានការ ការថែទាំសុខភាពនិងវិធានការការពារជំងឺទូទៅ។
ការដាក់ពង្រាយលេខទូរសព្ទ័បន្ទាន់សំរាប់ ២៥ រាជធានី – ខេត្តដើម្បីភ្ជាប់វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាមួយប្រជាជនដែលមានតម្រូវការ។
សហប្រតិបត្តិការបង្កើតលេខកូដខ្លីសម្រាប់ទទួលមូលនិធិដែលមានភាពងាយស្រួល ដូចជាក្នុងស្ថានភាពនៃជំងឺរាតត្បាត Covid-19 ឬជំងឺផ្សេងៗទៀត។ ការផ្តល់ជូននេះមិនត្រូវបានកំណត់ចំពោះសេវាកម្មដំណោះស្រាយឌីជីថលផ្សេងៗទៀតឡើយ។
ថ្លែងនៅក្នុងពិធីនោះ លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ “ជាមួយនឹងទស្សនៈរបស់យើងក្នុងនាមជាប្រតិបត្តិករ អ្នកយកចិត្តទុកដាក់ – និងច្នៃប្រឌិតខ្ពស់” ក្រុមហ៊ុនមិត្តហ្វូនបានយកចិត្តទុកដាក់ចំពោះអតិថិជនក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។
ជាឧទាហរណ៍ លោកថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 ក្រុមហ៊ុនមិត្តហ្វូនបានចូលរួមជាមួយ
រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធផ្សេងៗ និងប្រជាជនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយនឹងសកម្មភាពជាច្រើនរួមមាន ការឧបត្ថម្ភមូលនិធិជំងឺ Covid-19, ប្រព័ន្ធវីដេអូខនហ្វ្រេន, អ៊ិនធឺណិតឥតគិតថ្លៃ -ល-។ ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រនេះយើងរំពឹងទុកថាថា មិត្តហ្វូននឹងបន្តការប្រើប្រាស់បច្ចេកវិទ្យានិងដំណោះស្រាយអាយស៊ីធី ដើម្បីពង្រឹងប្រតិបត្តិការនិងប្រសិទ្ធភាពរបស់ក្រសួងសុខាភិបាលនិងនាំប្រជាជនឆ្ពោះទៅរកជីវិតប្រសើរឡើងជាងមុន”។
លោកបានបន្ថែមទៀតថា៖«មិត្តហ្វូនមានទំនុកចិត្តជាប្រតិបត្តិករមានកំណត់មួយ ដែលអាចអនុវត្តលើគម្រោងនេះបាន ដោយសារតែបទពិសោធន៍របស់ខ្លួនដែលបានដាក់ពង្រាយគម្រោងទាំងនេះនៅក្នុងប្រទេសចំនួន ១០ ផ្សេងៗទៀតនៅទូទាំងពិភពលោករួចជាស្រេច និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍អង់តែនជាង ១១.០០០ ស្ថានីយ៍ ខ្សែកាប ២៣.០០០ គីឡូម៉ែតដែលគ្របដណ្តប់លើតំបន់លំនៅដ្ឋានទាំងអស់។
មិត្តហ្វូនក៏ជាអ្នកត្រួសត្រាយក្នុងការនាំយកបច្ចេកវិទ្យាទៅគ្រប់អង្គភាព អាជីវកម្ម ក្រុមគ្រួសារ និងអ្នករាល់គ្នាផងដែរ។ ដោយផ្តើមពីបច្ចេកវិទ្យា 3G, 4G ទៅ 5G និង FTTx Ultra-Wide Fiber Cable ទីក្រុងឆ្លាតវៃ ដំណោះស្រាយរដ្ឋាភិបាលអេឡិចត្រូនិក បំលាស់ប្តូរឌីជីថលសម្រាប់អាជីវកម្ម សហគមន៍ និងសង្គមទាំងមូល”។
ជាការឆ្លើយតបលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនមិត្តហ្វូនដែលបានចូលរួមចំណែកក្នុងវិស័យសុខាភិបាលក្នុងកំឡុងពេលជំងឺ Covid-19 រាតត្បាត និងគ្រប់កាលៈទេសៈទាំងអស់។
លោកជំទាវបានដាក់ក្តីរំពឹងខ្ពស់សម្រាប់ក្រុមហ៊ុនមិត្តហ្វូន ដើម្បីអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យានិងដំណោះស្រាយ ICT ដោយជោគជ័យសម្រាប់ក្រសួងសុខាភិបាលជាពិសេស និងសម្រាប់ប្រទេសកម្ពុជាទូទៅ។ លើសពីនេះលោកជំទាវរំពឹងថា ក្រុមហ៊ុនមិត្តហ្វូននឹងបន្តផ្តល់ដំណោះស្រាយកាន់តែច្រើនថែមទៀតដើម្បីអនុវត្តនាពេលអនាគត៕
ដោយ៖CEN