ភ្នំពេញ៖ ឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលផឹកស៊ីស្រែកច្រៀងនិងចាក់ធុងបាសក្នុងកម្មវិធីខួបកំណើតរំខានដល់អ្នកជិតខាង និងមានទំនាស់ជាមួយសមត្ថកិច្ចពេលចុះទៅអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងដែលផ្លូវ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់បាសច្រៀងរាំជាមួយបងប្អូនយ៉ាងសប្បាយ លុះដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឲ្យបន្តការចាក់ធុងបាស ភ្លាមនោះក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់ការប្រទាញប្រទង់គ្នា ក៏ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការស្រវឹង យកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។
គួរបញ្ចាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់ថាសមត្ថកិច្ចថា បានមកដល់ភ្លាមនិយាយកំហ៊កនិងប្រើអំពើហិង្សា មកលើពួកគាត់និងបានបម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។
ចំណែកឯភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការប្រទាញប្រទង់គ្នា គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ ពេលនោះមានសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍នោះបានជ្រុះវិទ្យុទាក់ទងហើយក៏បានរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់នោះចោទថាដកកាំភ្លើង ។
បច្ចុប្បន្ន បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន កំពុងឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំដោះស្រាយ បន្ត៕
ដោយ៖ភត្រា និងសាម៉េត