ភ្នំពេញ៖ អាសូរណាស់ លោកពូម្នាក់ដែលជាកម្មករអូសបន្លែ នៅផ្សារនាគមាសបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីហូបបាយជុំគ្នាជាមួយបងប្អូនសង្ស័យជាករណីខ្យល់គរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ៣០នាទីទៀបភ្លឺថ្ងៃ សុក្រទី៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្សារនាគមាស ដែលស្ថិតនៅ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពលោកពូ មានឈ្មោះ យឹន ថន អាយុ ៤៧ ឆ្នាំ មុខរបរកម្មករអូសរទេះ នៅផ្សារនាគមាស
មានស្រុកកំណើតនៅ ភូមិតាយ៉យ ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង មានប្រពន្ធ និងកូនបីនាក់។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននៅអង្គុយហូបបាយលេងសើច ជាមួយគ្នាធម្មតា ស្រាប់តែពេលបាយរួច គាត់ក៏បានសម្រាកមួយភ្លេត ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានស្រែកលឺឲ្យគេជួយ តែដោយសារលឿនពេក ជួយមិនទាន់ គាត់បានផុតដង្ហើមទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយបានទាក់ទងខាងជំនាញកុសល្យវិច័យឲ្យចុះមកពិនិត្យ និងធ្វើកំណត់ហេតុ ជូនក្រុមគ្រួសារយកទៅស្រុកកំណើត នៅខេត្តស្វាយរៀង ធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សាមេត