ភ្នំពេញ៖ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រពីប្រទេសកម្ពុជា កំពុងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍ដដែល បានលើកឡើងថា ជាការឆ្លើយតបបន្ទាន់ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ ក្រុមផ្នែកសុខាភិបាល នៃនាយកដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ (SDCC) បានកៀរគរមូលនិធិសម្រាប់ជំនួយបច្ចេកទេស (TA) ស្តីពីការគាំទ្រថ្នាក់តំបន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ COVID-19 ក្នុងចំនួនទឹកប្រាក់ ៤៨,៣ លានដុល្លារ នៅដើមឆ្នាំ២០២០ ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានទទួលសំណើពីបណ្តាសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រើជំនួយបច្ចេកទេសផ្គត់ផ្គង់វេជ្ជសាស្ត្រ ដែលត្រូវការជាចាំបាច់សម្រាប់ពង្រឹងសមត្ថភាព ប្រព័ន្ធសុខាភិបាលក្នុងការការពារ ការរកឃើញ និងព្យាបាលករណី COVID-19 ។
គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈនាយកដ្ឋានលទ្ធកម្មផលបត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ (PPFD) របស់ខ្លួន បានដំណើការ និងផ្តល់កិច្ចព្រមពៀងចំនួន ១៥ លានដុល្លារ ក្រោមជំនួយបច្ចេកទេស ជាមួយក្រុមផ្គត់ផ្គង់នានា នៃឧបករណ៍ការពារខ្លួន (PPE) សម្ភារធ្វើតេស្ត ឧបករណ៍ធ្វើរោគវិនិច្ឆ័យ គ្រឿងពិសោធន៍ និងបរិក្ខារសំខាន់ៗផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះជាការបន្ថែមទៅលើសេវាកម្មលទ្ធកម្មចំនួន ១៦,៧ លានដុល្លារដែលត្រូវបានអនុវត្តដោយ UNICEF តាមរយៈជំនួយបច្ចេកទេសដូចគ្នា។
ក្រុមហ៊ុន Medtecs ជាអ្នកផ្គត់ផ្គង់មួយ ក្នុងចំណោមអ្នកផ្គត់ផ្គង់ ដែលបានជ្រើសរើសតាមរយៈដំណើរការលទ្ធកម្មប្រកបដោយភាពប្រកួតប្រជែងដែលធ្វើឡើងដោយ PPFD ហើយត្រូវបានផ្តល់កិច្ចសន្យាក្នុងទឹកប្រាក់ ៥ លានដុល្លារដើម្បីផលិតឈុត គម្របស្បែកជើង និងសម្ភារការពារ រ៉ូបការពារ ដើម្បីចែកចាយដល់បុគ្គលិកសុខភាពជួរមុខនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១១ ។
ក្រុមហ៊ុននេះបានដំណើរការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ មក និងមានបុគ្គលិកចំនួន ៥.៥០០ នាក់នៅក្នុងរោងចក្រក្នុងខេត្តកំពង់ចាម។ ប្រមាណ ៨២ ភាគរយ នៃបុគ្គលិករបស់ក្រុមហ៊ុននេះជាស្ត្រី។ រោងចក្រនេះបានផ្តល់ការងារប្រកបដោយស្ថេរភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅទីនោះ ហើយរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់ដែលមានសារសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងទទួលរងឥទ្ធិពលប៉ះពាល់ដល់សេដ្ឋកិច្ច បង្កដោយជំងឺ COVID-19 ។
ក្រុមហ៊ុនបានចំណាយពេលប្រមាណមួយខែពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ PPE សកល សម្រាប់ផលិតកម្មវាយនភណ្ឌសរុបជិត ១,២ លានឈុត។ បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពផលិតប្រចាំខែរហូតដល់ទៅ៖ រ៉ូបការពារ៨លាន ឈុតការពារ ២,៥លាន និងគម្របស្បែកជើង ៤លាន។ ទំនិញបានឆ្លងកាត់ការត្រួតពិនិត្យដោយភាគីទីបីឯករាជ្យ ហើយបានចាប់ផ្តើមបញ្ជូនចេញពីប្រទេសកម្ពុជានៅចុងខែមិថុនា ដើម្បីនាំចេញទៅកាន់ប្រទេសគោលដៅផ្សេងៗ។
លោក Jesper Pedersen អ្នកឯកទេសជំនាញលទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា៖ “ទំនិញដំបូងដែលបានទិញក្រោមគោលការណ៍ណែនាំស្តីពីលទ្ធកម្មបន្ទាន់របស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ឆ្លើយតបនឹង COVID-19 ត្រូវបានផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសទទួលជំនួយផលិតផលទាំងនោះដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី មានសេចក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងការធ្វើលទ្ធកម្មដោយផ្ទាល់ និងជួយសម្រួលដល់ការកៀរគរការផ្គត់ផ្គង់ សម្រាប់តម្រូវការបន្ទាន់ពីប្រភពនានាក្នុងសកលលោក និងទៅកាន់ប្រទេសកំពុងអភិវឌ្ឍផ្សេងៗ” ៕
ដោយ៖កូឡាប