បន្ទាយមានជ័យ ៖ស្ត្រីម្នាក់បានមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីជួយស្រាវជ្រាវ រកជនឆបោកម្នាក់ មកផ្តន្ទាទោស នៅវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ ករណីនេះបានកើតឡើង ព្រោះតែចង់បានការប្រាក់ខ្ពស់ ស្ត្រីម្នាក់ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចាញ់បោកបុរសម្នាក់ ដែលធ្លាប់ទំនាក់ទំនងស្គាល់គ្នាតាម ហ្វេសប៊ុកអស់លុយចំនួន៨.១០០ដុល្លារ ហើយបុរសនោះគេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ស្ត្រីដែលរងគ្រោះក្នុងអំពើឆបោកនោះ ឈ្មោះ ដួង សុគន្ធាវី ហៅផួង អាយុ៣៧ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ៖ តាមការរៀបរាប់បំភ្លឺពីស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា គាត់បានស្គាល់បុរសនោះតាមគណនី ហ្វេសប៊ុក ឈ្មោះ វាសនាអ្នករកស៊ី និងមានទំនាក់ទំនង ជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ គឺទុកចិត្តរាប់អានគ្នាដូចបងប្អូនតែពុំដែលបានឃើញ និងស្គាល់មុខគ្នាផ្ទាល់ទេ តែគេបានប្រាប់ថានៅខេត្តស្ទឹងត្រែង ។ បន្ទាប់មកនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ គណនីហ្វេសប៊ុក ឈ្មោះ វាសនាអ្នករកស៊ី បានទាក់ទងតាមទូរស័ព្ទដែលមានលេខ ០៩៧ ២៦៨ ៤៣០០ ខ្ចីប្រាក់គាត់ចំនួន៨.១០០ដុល្លារ ដោយបុរសនេះ បាននិយាយប្រាប់ថា ខ្លួនគេដឹកឈើចូលទៅប្រទេសវៀតណាម ត្រូវបានគេចាប់ ហើយក្នុងលុយចំនួន៨.១០០ដុល្លារនោះ គេឲ្យការប្រាក់១ថ្ងៃ៥.០០០បាត ដោយអាងថារាប់អានគ្នា និងទំនាក់ទំនងគ្នាជិត១ឆ្នាំ ហើយគេឲ្យថ្លៃការប្រាក់ដល់ទៅ៥.០០០បាតក្នុង១ថ្ងៃផងនោះ គាត់ក៏យល់ព្រមឲ្យខ្ចី និងវេរលុយតាមវីងឲ្យគ្រប់ចំនួន៨.១០០ដុល្លារ តាមដែលគេខ្ចី ។ លុះបានរយៈពេល១ថ្ងៃ ខ្លួនបានទាក់ទងទៅលេខទូរស័ព្ទដដែលមិនចូល ចំណែកគណនីហ្វេសប៊ុក ក៏ប្លុកចោលអស់ ទើបដឹងខ្លួនថាចាញ់បោកបុរសនោះ ៕
ដោយ៖បញ្ញាស័ក្តិ