ស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនចំនួន១នាក់ ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ស្ថិតក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស៊ន មុន្នី ព្រះរាជអាជ្ញារង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១លើក ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀន ចំនួន១១ដុំធំ ទម្ងន់១១គីឡូក្រាម (គិតទាំងសម្បកវេចខ្ចប់) ជាប្រភេទមេតំហ្វេតាមីន និងកេតាមីន ម៉ូតូ១គ្រឿង ក្នុងខណៈពេលដែលជនសង្ស័យ កំពុងធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាម៕
ដោយ៖បញ្ញាស័ក្តិ