Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភា​ចា​រ្យ សុខ ទូច​៖ កម្ពុជា និង​អាម៉េរិក​មាន​ស្នាមញញឹម​ដូចគ្នា ស្រឡាញ់​សន្តិភាព​ដូចគ្នា​.

​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០២០ រាជបណ្ឌិត្យសភាកម្ពុជា​សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា​បានរៀបចំ​វេទិកា​វិទ្យាសាស្ត្រ​ស្តីពី «​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​៖ ការពិនិត្យ​មើល​អតីត​កាល រយៈពេល​៧០​ឆ្នាំកន្លងមក ក្ដី​រំពឹងទុក​សម្រាប់​៧០​ឆ្នាំ​បន្ទាប់ និង​លើសពីនេះ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​យោគយល់​គ្នា​តាមរយៈ​ការយល់ឃើញ​ដ៏​ត្រឹមត្រូវ​ពីគ្នា​ទៅវិញទៅមក ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​នាំមក​នូវ​ទំនាក់ទំនង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ ​នេះបើតាម​ការផ្សាយ​របស់​រាជបណ្ឌិត្យសភាកម្ពុជា។

​វេទិកា​វិទ្យាសាស្ត្រ​ស្តីពី «​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​៖ ការពិនិត្យ​មើល​អតីត​កាល រយៈពេល​៧០​ឆ្នាំកន្លងមក ក្ដី​រំពឹងទុក​សម្រាប់​៧០​ឆ្នាំ​បន្ទាប់ និង​លើសពីនេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​សាល​មរតក​សិល្បៈ​ខ្មែរ អគារ​ឥន្ទ្រ​ទេវី នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ ក្នុងឱកាស​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ និង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍​សំដែង​នូវ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិកា​ប្រចាំការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​វិទ្យាសាស្ត្រ​ស្តីពី «​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​៖ ការពិនិត្យ​មើល​អតីត​កាល រយៈពេល​៧០​ឆ្នាំកន្លងមក ក្ដី​រំពឹងទុក​សម្រាប់​៧០​ឆ្នាំ​បន្ទប់ និង​លើសពីនេះ​» ដែល​សហការ​រៀបចំ​ដោយ រាជបណ្ឌិត្យសភាកម្ពុជា និង​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​នេះ​។​

​ជាមួយនេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​ឯកឧត្តម ប៉ា​ទ្រិ​ក ម៉​ហ្វី​(W. Patrick Murphy) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាម៉េរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ ជាពិសេស វាគ្មិន​ជាតិ និង​វាគ្មិន​អន្តរជាតិ ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​វិទ្យាសាស្ត្រ​ដ៏​មាន​សារៈសំខាន់​នាពេលនេះ​។​

​ឱកាស​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​មានប្រសាសន៍​ចាត់ទុក​វេទិកា​វិទ្យាសាស្ត្រ​ឆ្នាំនេះ​ជា​ឆ្នាំ​ពិសេស​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ដែល​រាជបណ្ឌិត្យសភាកម្ពុជា បាន​សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​នេះ​ឡើង ដើម្បី​អបអរ​ខួប​៧០​ឆ្នាំ​នៃ​ទំនាកទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​។ ក្រៅ​តែ​អំពី​ការអបអរសាទរ​ខួប​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ វេទិកា​វិទ្យាសាស្ត្រ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖(១).​ប្រមូលផ្តុំ​ទស្សនៈ បទពិសោធន៍ យុទ្ធសាស្ត្រ និង​អនុសាសន៍​នានា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ប្រកបដោយ​សន្តិភាព ភាពសុខដុមរមនា និង​វិបុលភាព​, (២).​ផ្លាស់ប្តូរ​នូវ​ការយល់ឃើញ​របស់​អ្នកវិទ្យាសាស្ត្រ ដើម្បី​ស្វែងរក​ផ្លូវ​រួមមួយ​ក្នុងការ​បើកទូលាយ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​, (៣).​ជំរុញ​អន្តរ​កម្ម​ប្រកបដោយ​ការស្ថាបនា រវាង​អ្នកស្រាវជ្រាវ ដែលមាន​វត្តមាន​ក្នុង​វេទិកា​នេះ​, (៤)​កសាង​ស្ពាន​ដ៏​មាន​ប្រសិទ្ធភាព​ដែល​យើង​បានរួម​ដំណើរ​ទាំង​ក្តៅ​ទាំង​ត្រជាក់​អស​រយៈពេល​ជាង​៧០​ឆ្នាំ​មកហើយ​នេះ​, (៥)​រួមសុខទុក្ខ​ជាមួយគ្នា​នៅពេល​អនាគត​ខាងមុខ​ដើម្បី​ត្រៀម​ការពារ​និង​ទប់ស្កាត់​កូ​វីដ​-១៩ និង​(៦)​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​មានប្រសាសន៍ថា ឆ្នាំនេះ ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក បាន​ឈានដល់​របត់​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ ចំណុច​របត់​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​សារលិខិត​របស់​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ញើជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សរ​បញ្ជាក់​ឱ្យឃើញថា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​មាន​ឆន្ទៈ​ក្នុងការ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ឈានទៅរក​ចំណុចរួម​។ ទន្ទឹមនឹងនេះ បេសកម្ម​ការទូត​រប​ស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ប៉ា​ទ្រិ​ក ម៉​ហ្វី (W. Patrick Murphy) បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋ​អាម៉េរិក​មានកា​រវិ​ត្តិ​ជា​វិជ្ជមាន​ដោយ​ឈរលើ​មូលដ្ឋាន​ដែលមាន​ស្រាប់ ដើម្បី​បោះជំហាន​ទៅរក​កិច្ច​សហការគ្នា​លើ​ចំណុច​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​មានប្រសាសន៍ថា​៖«​ទោះបី​យើង​មាន​ព្រំដែន​ឆ្ងាយ​គ្នា មាន​ភាសា​ផ្សេងគ្នា និង​មាន​ពណ៌​សម្បុរ​ខុសគ្នា​ក៏ពិតមែន តែ​អ្វីដែល​ដូចគ្នា​នោះ គឺ​យើង​មាន​ស្នាមញញឹម​ដូចគ្នា ស្រឡាញ់​សន្តិភាព​ដូចគ្នា ស្រូបយក​ខ្យល់​អុកស៊ីសែន​ដូចគ្នា ទទួលទាន​ទឹក​ដូចគ្នា មាន​សេចក្តីស្រឡាញ់​គ្មាន​ដែន​កំណត់ និង​មានបំណង​ដូចគ្នា គឺ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ទំនាក់ទំនង នៃ​ប្រទេស​យើង​ទាំងពីរ មិនអាច​កាត់ផ្តាច់​បាន ជាពិសេស សម្តេចព្រះ​បរម​រតន​កោដិ នរោត្តម សីហនុ ដែល​ទ្រង់​បាន​បង្កើតឱ្យមាន​ទំនាក់ទំនង យ៉ាង​ល្អប្រសើរ​ជាមួយ​សហរដ្ឋ​អាម៉េរិក ហើយ​បាន​បន្ត​មកទៀត​នេះ​គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ពូន​ជ្រំ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​ឱ្យ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ​ឡើង​»​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​រម្លឹកថា បើ​យើង​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៥ ដល់​១៩៦៣ សហរដ្ឋ​អាម៉េរិក បានផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សេដ្ឋកិច្ច​ចំនួន ៤០៩,៦ លាន​ដុល្លារ និង​៣៨,៧ លាន​ដុល្លារ​ផ្សេងទៀត​ជា​ជំនួយ​លើ​ផ្នែក​យោធា​។ ជំនួយ​ដ៏​ច្រើន​បែបនេះ ត្រូវបាន​យកទៅ​ប្រើប្រាស់​ដើម្បី​ជួសជុល​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បណ្តាលមកពី​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​១ និង​ជួយ​ពង្រឹងកម្លាំង​សន្តិសុខ​ផ្ទៃក្នុង ស្ថាបនា​សំណង់​ធំៗ ដូចជា ផ្លូវថ្នល់ និង​ស្ពាន ជាដើម​។ ជាក់ស្តែង ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដែលមាន​ចម្ងាយ​២១៤​គីឡូ​ម៉ែត ដើម្បី​បើក​ច្រក​ប្រទេស​កម្ពុជា​ទៅ​កំពង់ផែ​ទឹក​ជ្រៅ បាន​សម្ពោធ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​១៩៥៤​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ជឿជាក់ថា អ្នកចូលរួម​ទាំងអស់​គ្នា​ប្រាកដជា​នៅចាំ​បាន កាលពី​ឆ្នាំ​១៩៦៧ ដែល​លោកជំទាវ ច​ន ខេន​នើ​រ​ឌី បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​បង្ហាញ​ពី​ទំនាក់ទំនង​គួ​ជាទី​មោទនៈ​។ ហើយ​ផ្លូវ​មួយ​ខ្សែ​ទៀត​ដែល​សហរដ្ឋ​អាម៉េរិក បាន​ជួយ​ក៏​សាង​នៅក្នុង​ក្រុង​កំពង់សោម ខ្ញុំ​គិតថា នៅមាន​មនុស្ស​តិច​ណាស់​ដែល​នៅចាំ​និង​ស្គាល់ផ្លូវ​នោះ បើតាម​កា​សិក្សា​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា គឺ ផ្លូវ​លេខ​៤០០ ពី​ចំណុច​រង្វង់​មូល​តោ ទៅ​ភ្នំ​៣៩​។​

​បើតាម​ប្រវត្តិសាស្ត្រ ក្នុង​កម្រិត​នយោបាយ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ឃើញថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បានមក​ដល់​ចំណុច​មួយ​គួរឱ្យ​មោទនៈ និង​ប្រកបដោយ​អំណរ ប៉ុន្តែ ដើម្បីឱ្យ​ទំនាក់ទំនង​នេះ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ស្របតាម​បរិការណ៍​បច្ចុប្បន្ននេះ វា​ទាមទារ​ឱ្យ​យើង​ដែលជា​អ្នកវិទ្យាសាស្ត្រ អង្គុយ​តុ​ជាមួយគ្នា ដើម្បី​ជជែក​ពិភាក្សា​ដោយ​លើកយក​បញ្ហា​ប្រឈម​នានា​ដែលមាន​ពីមុនមក និង​កំពុងមាន​យកមក​បកស្រាយ និង​ស្វែងរក​ដំណោះស្រាយ សមស្រប ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​ជូន​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ និង​ជា​ស្ពាន​ទំនាក់ទំនង​រវាង​ប្រជាជន​យើង​ទាំងពីរ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​។​

​ក្នុងន័យនេះ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​បាន​យល់ឃើញថា វេទិកា​បែបនេះ គួរ​ត្រូវបាន​រៀបចំឡើង​ឱ្យបាន​ញឹកញាប់ និង​មានការ​ចូលរួម​ឱ្យបាន​ទូលំទូលាយ​ជាង​នេះ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​យោគយល់​គ្នា​តាមរយៈ​ការយល់ឃើញ​ដ៏​ត្រឹមត្រូវ​ពីគ្នា​ទៅវិញទៅមក ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​នាំមក​នូវ​ទំនាក់ទំនង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។​

​ជាទី​បញ្ចប់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​ជឿជាក់ថា វេទិកា​ដែល​យើង​កំពុង​រៀបចំ​ថ្ងៃនេះ ជា​ចំណុច​ចាប់ផ្តើម​ដ៏​មាន​សារៈសំខាន់ មិន​ត្រឹមតែ​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំងពីរ សំដៅ​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ដើរតួនាទី​ជា​ឧបករណ៍​ការទូត​សាធារណៈ​ដ៏​សំខាន់ ក្នុងការ​នាំសារ​សន្តិភាព មិត្តភាព ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ផងដែរ​។ ជាងនេះទៅទៀត ខ្ញុំ​សង្ឃឹម​និង​ជឿជាក់ថា ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ក៏ដូចជា​ការសិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ស្នាដៃ​ដទៃទៀត សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​នានា​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×