បុរសអាមេរិចវ័យ ៣០ឆ្នាំដែលមកពីរដ្ឋ Texas បានស្លាប់ដោយសារវីរុសកូរ៉ូណា ក្រោយពេលចូលរួមក្នុងពិធីជប់លៀង COVID-19 ដែលរៀបចំធ្វើដោយអ្នកឆ្លងវីរុសម្នាក់។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតម្នាក់។
អ្នកស្រី Jane Appleby ប្រធានផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Methodist ក្នុងទីក្រុង San Antonio បាននិយាយថា បុរសរងគ្រោះបានគិតថាវីរុសជារឿងបោកបញ្ឆោត បើទោះបីជាវាបានសម្លាប់ពលរដ្ឋអាមេរិចជាង ១៣៥.០០០រហូតមកដល់ពេលនេះ។
អ្នកស្រី Appleby និយាយក្នុងវីដេអូនៃប្រព័ន្ធផ្សព្វផ្សាយអាមេរិចនៅថ្ងៃអាទិត្យម្សិលមិញថា “បុរសនោះគិតថាជំងឺនោះជារឿងបោកប្រាស់។ គាត់គិតថា គាត់នៅក្មេង ហើយអាចយកឈ្នះជំងឺបាន និងមិនប៉ះពាល់ដោយសារជំងឺនោះឡើយ”។
អ្នកស្រីបន្ថែមថា អ្នកជំងឺក្មេងៗជារឿយៗ មិនបានដឹងថាពួកគេឈឺខ្លាំងប៉ុណ្ណាឡើយ។
“ពួកគេមើលទៅហាក់មិនឈឺខ្លាំងឡើយ ប៉ុន្តែនៅពេលអ្នកពិនិត្យមើលកម្រិតអ៊ុកស៊ីហ្ស៊ែនពួកគេ និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ ពួកគេពិតជាមានការឈឺធ្ងន់ធ្ងរជាងអ្វីដែលយើងមើលឃើញ”។
សូមបញ្ជាក់ថា អាមេរិចជាប្រទេសដែលមានការឆ្លង និងស្លាប់ដោយសារវីរុសច្រើនជាងគេបំផុតក្នុងពិភពលោក។ រហូតមកដល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ៣៥០លាននាក់នេះមានអ្នកឆ្លងជាង ៣,៣៧លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP