ប្រទេសជប៉ុនបានធ្វើការចោទប្រកាន់ចិនថា កំពុងជំរុញការទាមទារគ្រប់គ្រងដែនទឹកនៅសមុទ្រចិនខាងត្បូង និងខាងកើតអំឡុងពេលរាតត្បាតវីរុសកូរ៉ូណា និងសង្ស័យចិនថាបានផ្សព្វផ្សាយការឃោសនា និងព័ត៌មានមិនពិត ខណៈដែលខ្លួនបានផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រ ដល់ប្រទេសផ្សេងៗ ដែលកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19។
“ចិនកំពុងបន្តការប៉ុនប៉ងកែប្រែកិច្ចការរដ្ឋ នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង”។ នេះបើតាមរបាយការណ៍ការពារជាតិប្រចាំឆ្នាំ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Shinzo Abe នៅថ្ងៃអង្គារនេះ។
របាយការណ៍ពណ៌នាពីការរំលោភឥតឈប់ឈររបស់ចិន នៅក្នុងដែនទឹកជុំវិញប្រជុំកោះ ដែលទាមទារដោយប្រទេសទាំងពីរ នៅក្នុងសមុទ្រចិនខាងកើត ដែលជប៉ុនហៅប្រជុំកោះនោះថា Senkaku ខណៈចិនហៅថា Diaoyu។
នៅក្នុងសមុទ្រចិនខាងត្បូង របាយការណ៍និយាយថា ទីក្រុងប៉េកាំង កំពុងទាមទារដែនទឹក ដោយធ្វើការកសាងនូវតំបន់រដ្ឋបាលជុំវិញកោះមានជម្លោះ ធ្វើឲ្យប្រទេស ដែលកំពុងរងការញាំញីដោយវីរុសកូរ៉ូណា
ធ្វើការឆ្លើយតបចំពោះសកម្មភាពរបស់ចិន។
ការរិះគន់របស់ជប៉ុនទៅលើចិន ដូចគ្នា ទៅនឹងការលើកឡើង របស់អាមេរិច ហើយវាកើតឡើង ខណៈដែលភាពតានតឹង ក្នុងតំបន់កំពុងតែកើនឡើងខ្លាំង ស្របពេលដែលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធាដាច់ដោយឡែកពីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអាមេរិចលោក Mike Pompeo កាលពីថ្ងៃចន្ទ បានធ្វើការច្រានច្រោលការទាមទារគ្រប់គ្រងដែនទឹក របស់ចិន នៅសមុទ្រចិនខាងត្បូង ថាជាការខុសច្បាប់ទាំងស្រុង។
សមុទ្រចិនខាងត្បូង គឺជាដែនទឹកដែលសម្បូរទៅដោយធនធានធម្មជាតិ និងមានការធ្វើពាណិជ្ជកម្ម ឆ្លងកាត់មានតម្លៃជាទឹកប្រាក់ប្រហែល ៣លានលានដុល្លា (3 Trillion) ក្នុងមួយឆ្នាំ។
ជប៉ុនមើលឃើញចិនថាជាការគំរាមកំហែងរយៈពេលវែង និងខ្លាំងជាងកូរ៉េខាងជើង។ ឥឡូវនេះ ទីក្រុងប៉េកាំងបានចំណាយថវិការលើកវិស័យការពារជាតិ ៤ដងលើទីក្រុងតូក្យូ ខណៈដែលចិនកសាងមូលដ្ឋានយោធាទំនើបដ៏ធំ។
ការគំរាមកំហែងផ្សេងទៀតចំពោះជប៉ុន គឺការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ព្រមទាំងការលេចចេញជាថ្មីនូវសកម្មភាពរបស់រុស្ស៊ីនៅលើមេឃ និងដែនទឹកនៅក្នុងប្រទេសជប៉ុន ពេលខ្លះនៅពេលការធ្វើសមយុទ្ធរួមជាមួយចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters