Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ថា “​គ្មាន​ចំណាប់អារម្មណ៍​ចរចា រឿង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៀតឡើយ​” ដោយសារ​ការ​រាតត្បាត​វីរុស​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​បានធ្វើ​ការបិទទ្វា​រ​ចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ២​ជាមួយនឹង​ប្រទេស​ចិន ដោយ​និយាយថា លោក​មិន​ចង់​ចរចារ​រឿង​ពាណិជ្ជកម្ម​ជាមួយនឹង​ក្រុង​ប៉េកាំង​ឡើយ ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

“​ខ្ញុំ​មិន​ចាប់អារម្មណ៍​ក្នុង​ការនិយាយ​ជាមួយនឹង​ចិន​ឡើយ​ឥឡូវនេះ​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក នៅពេល​មានការ​សួរ​ពី​កិច្ចចរចា​ដំណាក់​កាលពី​ទី ២ ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន CBS​។​

​លោក​ថ្លែង​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទី ១​ថា “​ពួកយើង​សម្រេចបាន​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​” ប៉ុន្តែ​ភ្លាមៗ នៅពេល​កិច្ចព្រមព្រៀង​បាន​រួចរាល់ ដោយ​ទឹកខ្មៅ​មិនទាន់​ទាំង​ស្ងួត​ផង ពួកគេ​បាន​វាយ​យើង​នឹង​រោគ​ពិសពុល ដោយ​លោក​ចង់​សំដៅ​ទៅលើ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ពី​ក្រុង​វូ​ហាន​។​

​អស​រយៈពេល​ជាច្រើន​ខែ​មកហើយ លោក​ដូ​ណា​ល់ ត្រាំ​បាន​បន្ទោស​ចិន​ថា​បាន​បញ្ជូន​វីរុស​មក​អា​មេ​រិច ដោយ​លោក​និយាយថា ចិន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបរាជ័យ​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​វីរុស​។ ការ​រាតត្បាត​វីរុស​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិច​យ៉ាងខ្លាំង និង​ប៉ះពាល់​ដល់​ក្តីសង្ឃឹម​របស់លោក​ត្រាំ សម្រាប់​ការបោះឆ្នោត​ឡើងវិញ​នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​ចិន​បាន​សន្យា​បង្កើន​ការទិញ​ផលិតផល​កសិកម្ម និង​ឧស្សាហ៍កម្ម ថាមពល និង​សេវាកម្ម​របស់​អា​មេ​រិច​ឲ្យ​បាន ២០០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២​ឆ្នាំ​ខាងមុខ ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី ១ ប៉ុន្តែ​លោក​ត្រាំ បាន​និយាយថា ការផ្ទុះ​រាតត្បាត​វីរុស​បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់គាត់​លើ​កិច្ចព្រមព្រៀង​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៣​លាន​នាក់ និង​សម្លាប់​មនុស្ស​ជិត ៦០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×