ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស បានហៅការសម្រេចចិត្តរបស់អង់គ្លេសក្នុងការហាមឃាត់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ជាការសម្រេចចិត្តខុស និងគួរឲ្យខកចិត្ត។
រដ្ឋាភិបាលអង់គ្លេសបានបញ្ជាឲ្យក្រុមហ៊ុនទាំងអស់ដកឧបករណ៍ឲ្យអស់របស់ក្រុមហ៊ុន Huawei ចេញពីប្រព័ន្ធត្រឹមឆ្នាំ ២០២៧។
ការប្រកាសរបស់អង់គ្លេសកើតឡើង បន្ទាប់ពីមានទណ្ឌកម្មរបស់អាមេរិច ដែលបានអះអាងថា ក្រុមហ៊ុនចិន Huawei បានបង្កការគំរាមកំហែងផ្នែកសន្តិសុខជាតិ ប៉ុន្តែត្រូវ Huawei បដិសេធ។
លោកដូណាល់ ត្រាំ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់អង់គ្លេស ដោយបានហៅ Huaweiថា “គ្មានសុវត្ថិភាព”។
លោកត្រាំ បាននិយាយថា “ពួកយើងបញ្ចុះបញ្ជូលប្រទេសជាច្រើន និងខ្ញុំបានធ្វើវាសម្រាប់មួយផ្នែកធំ ដោយមិនប្រើប្រាស់ Huawei ឡើយពីព្រោះពួកយើងគិតថា វាមិនមានសុវត្ថិភាពសម្រាប់សន្តិសុខ។ វាមានបញ្ហាធំសម្រាប់សន្តិសុខ”។
ក្រុមហ៊ុន Huawei បានធ្វើការបដិសេធជាច្រើនលើកច្រើនសារថា ខ្លួនមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
ឆ្លើយតបចំពោះការហាមប្រាមរបស់អង់គ្លេស ឯកអគ្គរដ្ឋទូតចិន Liu Xiaoming បានចោទជាសំណួរថាតើ អង់គ្លេសបានផ្តល់បរិយាកាសជំនួញស្នើភាពឬយ៉ាងណាដល់ក្រុមហ៊ុនបរទេស។
លោកបានបង្ហោះនៅលើ Twitter ដូច្នេះថា “វាជាការសម្រេចចិត្តខុស និងគួរឲ្យខកចិត្តរបស់អង់គ្លេស”។
ក្រុមហ៊ុនផ្គត់ផ្គងទូរស័ព្ទអង់គ្លេសត្រូវបានហាមប្រាមពីការទិញបរិក្ខារ 5G ថ្មីរបស់ក្រុមហ៊ុន Huawei ក្រោយថ្ងៃទី ៣១ ខែធ្នូ ហើយពួកគេត្រូវលុបចេញទាំងអស់នូវប្រព័ន្ធ 5G របស់ Huawei ពីបណ្តាញរបស់ពួកគេនៅមុនឆ្នាំ ២០២៧។
ការសម្រេចចិត្តនោះកើតឡើង បន្ទាប់ពីមជ្ឍមណ្ឌលសន្តិសុខតាមអ៊ឺធឺណិតបានធ្វើការព្រមានថា ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់អាមេរិច មានន័យថាសន្តិសុខរបស់បរិក្ខារក្រុមហ៊ុន Huawei មិនអាចធានាបានឡើយ។
បច្ចេកវិទ្យា 5G ផ្តល់ល្បឿនអ៊ីនធឺណិតលឿន និងមានសមត្ថភាពគាំទ្រឧបករណ៍ឥតខ្សែយ៉ាងច្រើន (Wireless)។ ការភ្ជាប់ប្រព័ន្ធ 5G មានរួចរាល់ហើយនៅក្នុងទីក្រុងជាច្រើនរបស់អង់គ្លេស ប៉ុន្តែសេវានៅមានលក្ខណៈចង្អៀត៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC