សហរដ្ឋអាមេរិចនឹងធ្វើការគាំទ្រដល់ប្រទេសទាំងអស់ដែលពួកគេជឿជាក់ថា ចិនរំលោភអធិបតេយ្យភាពរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាមេរិចលោក Mike Pompeo កាលពីថ្ងៃពុធ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ពួកយើងនឹងប្រើប្រាសអ្វីទាំងអស់ដែលពួកយើងមាន និងគាំទ្រដល់ប្រទេសទូទាំងពិភពលោក ដែលបានដឹងថា ចិនរំលោភដែនអធិបតេយ្យស្របច្បាប់របស់ពួកគេ ឬរំលោភដែនទឹកផងដែរ”។
លោកបន្តទៀតថា “ពួកយើងនឹងផ្តល់ជំនួយដល់ប្រទេសទាំងនោះ តាមតែពួកយើងអាចធ្វើបានមិនថាក្នុងស្ថាប័នពហុភាគី មិនថាក្នុងអាស៊ាន (ASEAN) មិនថាតាមរយៈការឆ្លើយតបផ្លូវច្បាប់ក៏ដោយ ពួកយើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលពួកយើងអាច”។ លោកចង់សំដៅទៅដល់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិចដដែលបញ្ជាក់ថា អាមេរិចនឹងចាត់ទុកការស្វែងរកធនធានធម្មជាតិរបស់ចិន នៅក្នុងដែនទឹកមានជម្លោះថាជារឿងខុសច្បាប់។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិចប្រចាំតំបន់អាស៊ីខាងកើត បានព្រមានពីលទ្ធភាពដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិន និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ នឹងអ្វីដែលក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាការបង្ខិតបង្ខំនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃពុធ ចិនឆ្លើយតបវិញថា ខ្លួនមិនខ្លាចរាល់ទណ្ឌកម្មរបស់អាមេរិចឡើយ ជុំវិញស្ថានភាពនៅសមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំងក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបង្កបញ្ហា និងធ្វើឲ្យមានអស្ថេរភាពនៅក្នុងតំបន់។
សូមបញ្ជាក់ថា មហាយក្សចិន ទាមទារគ្រប់គ្រងដែនទឹក ៩០ភាគរយនៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែប្រ៊ុយណេ ម៉ាឡេស៊ី ភីលីពីន តៃវ៉ាន់ និងវៀតណាមក៏ទាមទារគ្រប់គ្រងចំណែកខ្លះនៅក្នុងដែនទឹកដែលសម្បូរទៅធន់ធានធម្មជាតិនោះដែរ។
ប៉េកាំងក៏បានធ្វើការកសាងមូលដ្ឋានគ្រឹះជាច្រើនក្នុងតំបន់ ប៉ុន្តែចិនថា ចេតនារបស់ខ្លួនគឺសន្តិភាព៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA