ការិយាល័យតំណាងរបស់ចិននៅក្នុងទីក្រុងហុងកុងបានធ្វើការថោ្កលទោស ចំពោះអ្វីដែលខ្លួនបានមើលឃើញថា ជាការជ្រៀតជ្រែករបស់អាមេរិចចូលក្នុងកិច្ចការផ្ទៃក្នុងខ្លួន និងបានចាត់ទុកវិធានការរបស់ប្រធានាធិបតីដូណាល់ ត្រាំក្នុងការបញ្ចប់ឋានៈពិសេសរបស់ហុងកុងថា “ជាការបង្ខិតបង្ខំ និងសម្លុតគំរាម”។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានសម្តីធ្ងន់ៗកាលពីថ្ងៃពុធ ការិយាល័យហុងកុងបាននិយាយថា ទណ្ឌកម្មរបស់អាមេរិច មិនប៉ះពាល់ខ្លាំងឡើយ ដល់តំបន់រដ្ឋបាលពិសេសរបស់ចិន តែវានឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាមេរិចវិញ។
សេចក្តីថ្លែងការណ៍និយាយថា “ការគំរាមកំហែងដែលមិនសមរម្យ និងឥតអៀនខ្មាសដោយសហរដ្ឋអាមេរិចជា ឥរិយាបទទំនើង និងគំរាមសម្លុត”។
“គ្មានកម្លាំងខាងក្រៅណាអាចរារាំងដល់ការប្តេជ្ញាចិត្ត និងទំនុកចិត្តរបស់ចិនក្នុងការរក្សាអធិបតេយ្យភាព និងសន្តិសុខសម្រាប់ស្ថេរភាព និងភាពរុងរឿងរយៈពេលវែងរបស់ហុងកុងឡើយ”។
ការប្រើវោហាស័ព្ទធ្ងន់ៗរបស់ចិន កើតឡើងក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ឲ្យបញ្ចប់ការអនុគ្រោះសេដ្ឋកិច្ចដល់ទីក្រុងហុងកុង ក្រោយក្រុងប៉េកាំង អនុម័តច្បាប់សន្តិសុខលើហុងកុង។
លោកត្រាំ និយាយថា បទបញ្ជានោះនឹងត្រូវបញ្ចប់ការអនុគ្រោះលើហុងកុង។
“គ្មានឯកសិទ្ធិពិសេស គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស និងគ្មានការនាំចេញបច្ចេកវិទ្យាទៀតឡើយ”។
ក្រសួងការបរទេសចិន នៅថ្ងៃពុធម្សិលមិញនេះបាននិយាយថា ក្រុងប៉េកាំងនឹងធ្វើការដាក់ទណ្ឌកម្មសងសឹកវិញទៅលើបុគ្គលិក និងក្រុមហ៊ុនអាមេរិច ដើម្បីឆ្លើយតបទៅនឹងច្បាប់របស់អាមេរិច ដែលមានគោលដៅដាក់ទណ្ឌកម្មលើមន្ត្រីចិន។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន។
ការដាក់ច្បាប់សន្តិសុខរបស់ចិនទៅលើហុងកុង ត្រូវបានគេមើលឃើញថា វានឹងធ្វើឲ្យហុងកុងបាត់បង់ស្វ័យភាពកម្រិតខ្ពស់។
អាមេរិចបានប្រកាសថា ទីក្រុងហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ ខណៈដែលអង់គ្លេសប្រកាសផ្តល់សញ្ជាតិអង់គ្លេស ដល់ប្រជាជនហុងកុងជាង ៣លាននាក់ដែលមានលិខិត្តឆ្លងដែន ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters