អាមេរិចបានបំបែកកំណត់ត្រាឆ្លងវីរុសកូរ៉ូណាដ៏អាក្រក់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នកឆ្លងថ្មីជាង ៧៧.០០០ករណី ក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយ ខណៈដែលមានអ្នកស្លាប់ជិត ១.០០០នាក់។
មនុស្ស ៩៦៩នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោង ដែលវាគឺជាចំនួនស្លាប់ដ៏ច្រើនបំផុត គិតត្រឹមថ្ងៃទី ១០ ខែមុថុនាមក។ តួលេខនៃអ្នកស្លាប់សរុបចុងក្រោយមានចំនួនជាង ១៣៨.០០០នាក់។
ការឆ្លងថ្មី ៧៧.២១៧ករណី បានបំបែកកំណត់ត្រាឆ្លងច្រើនបំផុតកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានត្រឹម ៦៩.០៧០ ករណី។
បើតាមតួលេខនៃការឆ្លងសរុបចេញដោយសកលវិទ្យាល័យ Johns Hopkins អាមេរិចមានអ្នកឆ្លងសរុបជាង ៣,៥៧លាននាក់។
លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញជំងឺឆ្លងរបស់រដ្ឋាភិបាលធ្លាប់បានធ្វើការព្រមានថា ការឆ្លងថ្មីអាចនឹងកើនដល់ ១០០.០០០ក្នុងមួយថ្ងៃ ក្នុងពេលឆាប់ៗ ប្រសិនជាប្រជាជនអាមេរិចទាំងអស់មិនរួមគ្នាអនុវត្តវិធានការចាំបាច់ ដើម្បីទប់ស្កាត់ការរាតត្បាត។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ហើយវីរុសមរណៈនេះបានរាតត្បាតយ៉ាងលឿនជុំវិញពិភពលោក។ បច្ចុប្បន្ន វីរុសនេះបានឆ្លងទៅកាន់មនុស្សជាង ១៣,៧លាននាក់ និងផ្តាច់ជីវិតមនុស្សជាង ៥៨៦.០០០នាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters