ក្រុមហេកឃ័រ (hacker) ដែលគាំទ្រដោយប្រទេសរុស្សីបានព្យាយាមលួចយកទិន្នន័យស្រាវជ្រាវ និងព្យាបាល COVID-19 ពីស្ថាប័នសិក្សា និងឱសថ។ នេះបើតាមការបញ្ជាក់របស់មជ្ឍមណ្ឌលអ៊ឺនធឺណេតជាតិអង់គ្លេស (NCSC) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
សេចក្តីប្រកាសរួមរបស់អង់គ្លេស អាមេរិច និងកាណាដា បានចាត់ទុកការវាយប្រហារនោះថាចេញពីក្រុម APT29 ដែលត្រូវគេស្កាល់មានឈ្មោះមួយទៀតថា ‘Cozy Bear’ ដែលការប្រតិបត្តិការរបស់ក្រុមនេះគឺជាផ្នែកមួយនៃការស៊ើបការណ៍របស់ប្រទេសរុស្សី។
លោកPaul Chichester ប្រធានប្រតិបត្តិនៃ NCSC “ពួកយើងថ្កោលទោសចំពោះការវាយប្រហារគួរឲ្យស្អប់ខ្ពើមមកលើកិច្ចការងារដ៏សំខាន់ដែលកំពុងធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវីរុស”។
ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ឺធឺណេត បាននិយាយថា ឧបករណ៍ហេករបស់ក្រុមហេកឃ័រ APT29 ត្រូវបានប្រើប្រាស់ប្រឆាំងនឹងអតិថិជននៅក្នុងសហរដ្ឋអាមេរិច ជប៉ុន ចិន និងអាហ្វ្រិចកាលពីឆ្នាំមុន។
ជុំវិញការចោទប្រកាន់នោះ អ្នកនាំពាក្យរបស់រុស្សីបាននិយាយថា វិមាន Kremlin របស់រុស្សីសូមធ្វើការបដិសេធចំពោះការចោទប្រកាន់របស់អង់គ្លេស ដោយអ្នកនាំពាក្យនោះលើកឡើងថា ការចោទប្រកាន់គ្មានភស្ថុតាងសមរម្យ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បាននិយាយថា “វាជារឿងមិនអាចទទួលយកបានទាំងស្រុង ដែលស្ថាប័នចារកម្មរុស្សីមានគោលដៅលើកិច្ចការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវីរុស”។
សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ និងស្រាវជ្រាវជាច្រើនកំពុងតែប្រកួតប្រជែងគ្នាអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសមរណៈដែលកំពុងរាតត្បាតខ្លាំង។ វីរុសមរណៈនេះ បច្ចុប្បន្នបានឆ្លងយ៉ាងលឿនទៅកាន់មនុស្សជាង ១៣,៧លាននាក់ និងផ្តាច់ជីវិតមនុស្សជាង ៥៨៦.០០០នាក់ទូទាំងពិភពលោក ចាប់តាំងពីវាផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters