ភ្នំពេញ៖«បណ្ណាល័យសម្តេចម៉ែ»នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចម៉ែដែលជា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពគាំពារការសិក្សាស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំងសិល្បៈសហសម័យនៃប្រទេសកម្ពុជា។ មេបើតាមការផ្សាយនៅលើទំព័រ facebook ផេករបស់ Unofficial ៖ខ្ញុំស្រឡាញ់«ព្រះមហាក្សត្រនរោត្តមសីហមុនី» នៅព្រឹកថ្ងៃទី 20 ខែកក្កដាឆ្នាំ 2020។
ការសិក្សាស្រាវជ្រាវ ការអប់រំ និងវប្បធម៌ គឺមានសារសំខាន់ ចំពោះអត្តសញ្ញាណនិងការអភិវឌ្ឍរបស់ប្រទេសជាតិមួយ និងការបោះជំហានទៅមុខរបស់មនុស្សជាតិ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ពុះពារធានាថាប្រវត្តិសាស្ត្រនិងសិល្បៈរបស់ប្រទេសកម្ពុជា ទាំងបុរាណ និងសហសម័យ នឹងត្រូវបានអភិរក្ស ការពារ និងបើកទូលាយសម្រាប់សាធារណជនទូទៅ។
នាពេលថ្មីៗនេះ ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស អតីតលេខាផ្ទាល់ និងជាអ្នកនិពន្ធជីវប្រវត្តិរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានបរិច្ចាគសមុច្ច័យផ្ទាល់ខ្លួន ទាំងស្រុងរបស់លោក ដែលរួមមាន សៀវភៅនិងឯកសារផ្សេងៗ មកកាន់បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ដើម្បីធ្វើការទទួលស្គាល់ការចូលរួមចំណែកដ៏មានតម្លៃនេះ ព្រមទាំងជាការថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិតរបស់ព្រះវររាជមាតា សម្ដេចព្រះ នរោត្តម មុនិនាថ សីហនុ ចំពោះប្រទេសកម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងដាក់ឈ្មោះបណ្ណាល័យរបស់ខ្លួនថា «បណ្ណាល័យសម្ដេចម៉ែ» ដោយទទួលបានព្រះរាជានុញ្ញាតពីសម្តេចព្រះវររាជមាតា។
បន្ថែមពីលើសមុច្ច័យរបស់ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស បណ្ណាល័យសម្ដេចម៉ែ មានតម្កល់ទុកឯកសារប្រវត្តិសាស្ត្រ សៀវភៅ និងសម្ភារផ្សេងៗ ស្ដីពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងនឹងបន្តពង្រីកបន្ថែមនូវចំនួនបណ្ដុំឯកសាររបស់ខ្លួន។
បណ្ណាល័យនេះនឹងជាប្រភពធនធានដ៏មានសារសំខាន់មួយសម្រាប់សិស្សានុសិស្សនិងអ្នកស្រាវជ្រាវទូទៅ ដោយដើរតួនាទីជាស្ថាប័នមួយដែលបើកទូលាយសម្រាប់សាធារណជន ដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈសហសម័យរបស់កម្ពុជា។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្រាបបង្គំចូលគាល់ព្រះវររាជមាតា និងរាជវង្សានុវង្ស ដើម្បីប្រកាសថ្វាយឈ្មោះនេះជាផ្លូវការ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រះវររាជមាតា ទ្រង់បានសព្វព្រះហឫទ័យរាជានុញ្ញាតឲ្យប្រើប្រាស់ឈ្មោះបណ្ណាល័យនេះ។
«បណ្ណាល័យសម្ដេចម៉ែ» នឹងដើរតួនាទីជាទីតម្កល់ទុកឯកសារបណ្ណសារ សៀវភៅ និងសម្ភារផ្សេងៗដែលមានសារសំខាន់ចំពោះជាតិ រហូតដល់មានវត្តមានរបស់ វិទ្យាស្ថានស្លឹករឹត ដែលជាបូជនីយដ្ឋាននៃការចងចាំ ពិភពលោកមួយ រចនាឡើងដោយលោកស្រី ហ្សាហា ហាឌីដ ដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅជុំវិញពិភពលោក។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺកំពុងបន្តស្រាវជ្រាវរកមូលនិធិគាំទ្រ វិទ្យាស្ថានស្លឹករឹត និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានការគាំទ្រសម្រាប់អនាគតដៃគូវិនិយោគរបស់ខ្លួន។
នៅពេលបញ្ចប់ការសាងសង់ វិទ្យាស្ថានស្លឹករឹត បន្ថែមលើបណ្ណាសារ នឹងរួមមាន សារមន្ទីរ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវលើអំពើប្រល័យពូជសាសន៍ មជ្ឈមណ្ឌលអប់រំស្ដីពីការសិក្សានិងបង្ការអំពើប្រល័យពូជសាសន៍ និងសាវនដ្ឋានសម្រាប់រៀបចំពិព័រណ៍ ការប្រគំតន្ត្រី និងការធ្វើបទបង្ហាញនានា។
ការបង្កើតឲ្យមាន «បណ្ណាល័យសម្ដេចម៉ែ» គឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ចំពោះជាតិ។ ការបង្កើតជា «បណ្ណាល័យសម្ដេចម៉ែ» គឺមិនត្រឹមតែបង្ហាញ អំពីការចាប់ផ្ដើមកកើតធនធានថ្មីសម្រាប់ការអប់រំ ការសិក្សាស្រាវជ្រាវ និងការលើកស្ទួយសិល្បៈសហសម័យតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់ចំពោះការលះបង់របស់ព្រះវររាជមាតាជូនដល់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការពុះពារ របស់ព្រះវររាជមាតាដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនកម្ពុជា៕ ដោយ៖កូឡាប